អន្តរជាតិ

អ៊ុយក្រែនសងសឹកវាយប្រហារលើទីក្រុងមូស្គូវិញរបួស២នាក់

ដោយ៖តុលា

អាជ្ញាធររុស្ស៊ីរាយការណ៍ថា អ៊ុយក្រែនបានបើកការវាយប្រហារសងសឹកវិញមកលើទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតអគារជាច្រើនខ្នង។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា មនុស្សពីរនាក់បានរងរបួស ដែលម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃអង្គារទី ៣០ ខែឧសភា ឆ្នាំ២០២៣។ អ្នកស្រុកនៅផ្នែកជាច្រើននៃប្លុកផ្ទះល្វែងពីរត្រូវបានជម្លៀសចេញ ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ។

លោក Sobyanin និយាយផ្ទាល់មាត់ថា “នៅព្រឹកព្រលឹមនេះ ជាលទ្ធផលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មានការខូចខាតតិចតួច តែបានកើតឡើងនៅក្នុងអគារជាច្រើន” ។ “គ្មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរដល់ជីវិតនោះ​ទេ”។

យោងតាមសារព័ត៌មានរ៉យទ័រ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្វីដែលហាក់ដូចជាយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី និងផ្សែងហុយពេញផ្ទៃមេឃនៃទីក្រុងមូស្គូ។ សមាជិកសភារុស្ស៊ី Maxim Ivanov បាននិយាយថា វាគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើទីក្រុងមូស្គូ ចាប់តាំងពីការវាយប្រហាររបស់ណាស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារដាក់ប្រទេសរបស់អ៊ុយក្រែនយ៉ាងចាស់ដៃរួចមក៕

ប្រភព៖ REUTERS