ព័ត៌មានជាតិ

ជាង៨០០គ្រួសាររីករាយពេលទទួលបានគម្រោងសាងសង់ផ្លូវ,ស្ពាននិងប្រព័ន្ធលូ

ដោយ៖វិចិត្រ

ព្រះសីហនុ៖ប្រជាពលរដ្ឋជាង៨០០គ្រួសារ បានសាទរនិងរីករាយពេលទទួលបានគម្រោង សាងសង់ប្រព័ន្ធផ្លូវបេតុង ស្ពាន ប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្នាក់ដឹកនាំលោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែនិងប្រកាសជួសជុលផ្លូវបេតុងចំនួន២៩ខ្សែប្រវែង១៤.១៣២ម៉ែត្រ ស្ពាន១-លូកាត់ទទឹងផ្លូវចំនួន៦និងលូប្រអប់២កន្លែង។ ពិធីបើកនិងប្រកាសនេះបានធ្វើឡើងព្រឹកថ្ងៃទី២៩ ខែឧសភា ។

លោក គួច ចំរើន អភិបាលខេត្តបានថ្លែងថា ការបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែប្រវែង៣៦៥ម៉ែត្រ​នៅថ្ងៃនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកព្រៃនប់។ សម្រាប់ស្រុកព្រៃនប់មាន២២គម្រោង ស្មើនឹងផ្លូវបេតុងចំនួន៣០ខ្សែ មានប្រវែង១៤គីឡូ៤៩៧ម៉ែត្រ។

លូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង លូប្រអប់ចំនួន២កន្លែង សួនរង្វង់មូលវាលរេញ ការតបណ្តាញអគ្គិសនីនៅសាលាវិទ្យល័យទួលកែវ ការសាងសង់បណ្ណាល័យ ១ខ្នង នៅវិទ្យាល័យទួលកែវ និងការសាងសង់មត្តេយ្យសិក្សា សហគមន៍ បន្ទប់ទឹកចំនួន ៤ទីតាំងនៅស្រុកព្រៃនប់ មាននៅភូមិអូរឧកញ៉ាហេង បឹងតាព្រហ្មជើងគោ និងឃុំទឹកល្អក់ ជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣។

ក្នុងឱកាសនោះ អភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ក្រមាជូនប្រជាពលរដ្ឋ ចូលរួមម្នាក់ក្រមា ១ និងក្រុមគ្រូពេទ្យចំនួន ១០នាក់ ទទួលថវិកាម្នាក់១០ម៉ឺនរៀល៕