សន្ដិសុខសង្គម

រថយន្តដឹកថ្មបុករថយន្តខួងដីបណ្តាលឱ្យប៉ើងខ្ទាតធ្លាក់ចូលប្រឡាយ

ដោយ៖វិចិត្រ

បាត់ដំបង៖រថយន្តដឹកថ្មបានបើកបុករថយន្តខួងដីដាំបង្គោលភ្លើងចំពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រធ្លាក់ចូលប្រឡាយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវហាយវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ គេឃើញរថយន្ដខួងដីដាំបង្គោលអគ្គិសនីបានឈប់នៅចិញ្ចើមផ្លូវ។បន្តិចក្រោយមកស្រាប់តែមានរថយន្តដឹកថ្មម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងល្បឿនលឿនបានបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តខួងដីខ្ទាតជាច្រើនម៉ែត្រធ្លាក់ចូលប្រឡាយ បណ្ដាលឲ្យរថយន្តទាំង២រងការខូចខាតធ្ងន់ធ្ងរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងបានស្ទូចយករថយន្តទាំង២គ្រឿងទៅទុក​នៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយពេលក្រោយ៕