អន្តរជាតិ

រុស្ស៊ីវាយប្រហារមន្ទីរពេទ្យនៅអ៊ុយក្រែនស្លាប់២នាក់,របួស៣១នាក់

ដោយ៖តុលា

មនុស្ស២នាក់បានស្លាប់, ៣១នាក់រងរបួស ក្រោយរុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែនកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

សារព័ត៌មានអាម៉េរិកស៊ីអិនអិនបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងភាគកណ្តាលប្រទេសអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយរុស្ស៊ីបានបើកការវាយប្រហារទៅលើមន្ទីរពេទ្យ, គ្លីនិកសត្វ និងអគារពាក់ព័ន្ធ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស ដែលរួមមានកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំ។ សម្រាប់ការអន្តរាគមន៍ភ្លាមៗ

ភ្នាក់ងារសង្រ្គោះអ៊ុយក្រែនបានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ខណៈដែលបុគ្គលិកពេទ្យសត្វក៏បានជួយសង្គ្រោះសត្វពីអគារដែលកំពុងឆេះផងដែរ។ ជាក់ស្តែងយោងតាមម្ចាស់គ្លីនិក លោកវេជ្ជបណ្ឌិត Andrii Malyshko ថាគ្រាប់រ៉ុក្កែតមួយបានវាយប្រហារនៅម៉ោងប្រហែល ១០ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ។ លោកបន្តថា គ្លីនិកនេះមានសត្វឆ្កែ និងឆ្មាជាច្រើនក្បាលផ្អើលស្រែកឆ្លេឆ្លា តែចុងក្រោយត្រូវបានផ្ទេរទៅកាន់គ្លីនិកក្បែរគ្នាផ្សេងទៀត។

ជុំវិញដំណឹងនេះ រុស្ស៊ីមិនបានចេញមុខទទួលស្គាល់ឡើយ។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាប់តាំងពីសង្រ្គាម បើទោះជារុស្ស៊ីប្រកាន់ថា ទីតាំងទាំងនោះគឺជាមូលដ្ឋានយោធាក៏ដោយ៕

ប្រភព៖ REUTERS