សេដ្ឋកិច្ច

ជប៉ុនដាក់ទណ្ឌកម្មថ្មីបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរុស្ស៊ី៧៨និងមនុស្ស១៧នាក់

ដោយ៖តុលា

ប្រទេសជប៉ុនបញ្ចេញសាច់ដុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែនមិនចេះចប់មិនចេះហើយ បន្ទាប់ពីខ្លួនបានធ្វើម្ចាស់ផ្ទះជួបប្រជុំក្រុមប្រទេស G7។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថា នៅក្នុងការសម្របសម្រួលជាមួយសមាជិក G7 ផ្សេងទៀត ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមចំនួន ៧៨ និងបុគ្គលចំនួន ១៧ នាក់ រួមទាំងមន្រ្តីយោធានៅក្នុងប្រទេសរុស្ស៊ី ហើយនឹងហាមឃាត់ការនាំចេញទៅកាន់អង្គភាពចំនួន ៨០ របស់រុស្ស៊ី ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវពាក់ព័ន្ធនឹងយោធា។   សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មបាននិយាយថា ប្រទេសជប៉ុនក៏នឹងហាមឃាត់ការផ្តល់សេវាសំណង់ និងវិស្វកម្មដល់ប្រទេសរុស្ស៊ីផងដែរ ទោះបីជាព័ត៌មានលម្អិតនៃវិធានការនេះមិនទាន់ប្រកាសភ្លាមៗពេលនេះក៏ដោយ។

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ទីក្រុងតូក្យូក៏បានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ីក្នុងការពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដោយនិយាយថា វានឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។  “ក្នុងនាមជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងអំឡុងពេលសង្រ្គាម ប្រទេសជប៉ុនមិនដែលទទួលយកការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីឡើយ ទុកឲ្យរុស្ស៊ីប្រើលើដីខ្លួនឯងចុះ”។

ក្រុម G7 បានគូសបញ្ជាក់ថា ការរឹតបន្តឹងនេះនឹងគ្របដណ្តប់លើការនាំចេញគ្រឿងចក្រឧស្សាហកម្ម ឧបករណ៍ និងបច្ចេកវិទ្យាដែលជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។​ វានឹងកាត់ផ្តាច់ហោប៉ៅលុយរុស្ស៊ីសម្រាប់ពាណិជ្ជកម្មលោហៈ និងពេជ្រ៕

ប្រភព៖ REUTERS