សន្ដិសុខសង្គម

រថយន្តកុងតឺន័របុកម៉ូតូរួចកិនបុរសម្នាក់អូសជាច្រើនបណ្តាលឱ្យស្លាប់ភ្លាម

ដោយ៖វិចិត្រ

ភ្នំពេញ​៖គ្រោះថ្នាក់ចរាចររវាងរថយន្តកុងតឺន័របើកស្របគ្នាបានបុកម៉ូតូចំពីក្រោយពេញទំហឹង និងកិនបុរសម្នាក់អូសជាច្រើនបណ្តាលឱ្យស្លាប់ភ្លាម។ ហេតុការណ៍នេះបានកើតឡើងនៅមុខផ្សារត្រពាំងថ្លឹង តាមផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះបាត់បង់ជីវិតឈ្មោះឆាន់​ តុលា​ អាយុ១៩ឆ្នាំ​ ជាសិស្សស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ស្រុកកំណើតនៅខេត្តកំពត។ មុនកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ផ្លាកលេខកំពត1A-9922 តាមផ្លូវចោមចៅពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តកុងតឺន័រពាក់ផ្លាកលេខភ្នំពេញ 3E-1254 បើកមកពីក្រោយយ៉ាងលឿន ហើយជ្រុលបុកម៉ូតូនិងអូសជនរងគ្រោះជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាម។

បន្ទាប់ពីកើតហេតុ អ្នកដំណើរបាននាំគ្នាចាប់អ្នកបើកបររថយន្តបង្កយកប្រគល់ឱ្យសមត្ថកិច្ច។ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕