សន្ដិសុខសង្គម

រថយន្តសណ្តោងបុកម៉ូតូបណ្តាលឱ្យកម្មករម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ដោយ៖កំចាយ

កំពត៖បុរសជាកម្មករម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តសណ្តោងបុកពេលកំពុងជិះម៉ូតូត្រឡប់ពីធ្វើការ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច កាលពីយប់ថ្ងៃទី២៥ ខែឧសភា។

មន្ត្រីនគរបាលចរាចរណ៍ស្រុកបានឱ្យដឹងថា បុរសរងគ្រោះក្នុងករណីខាងលើឈ្មោះ សៅ សារ៉េត អាយុ ៤៧ឆ្នាំ នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។មុនគ្រោះថ្នាក់កើតឡើងគេឃើញជនរងគ្រោះបានជិះម៉ូតូនៅលើដងផ្លូវជាតិលេខ៣៣ពីលិចទៅកើត។

មកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣-៣៤ ស្រាប់តែមានរថយន្តសណ្ដោងបើកមកពីមុខ បុកម៉ូតូពេញទំហឹងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ភ្លាមៗដោយបន្សល់ទុក​រថយន្តនៅនឹងកន្លែងកើតហេតុមុនសមត្ថកិច្ចទៅដល់៕