ព័ត៌មានជាតិ

ជប៉ុនផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណង៥៥លានដុល្លារបន្ថែមទៀត

ដោយ៖រតនា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងឯកឧត្តមយូនីអូ អាដហ្សូហ្ស៊ី(UENO Atsushi)ឯកអគ្គរាជទូតជប៉ុនបានចុះហត្ថលេខាប្រគល់-ទទួលឥណទានសប្បទាននិងហិរញ្ញប្បទានឥតសំណង៥៥លានដុល្លារ។

ឯកឧត្តម ប្រាក់ សុខុនបានបញ្ជាក់ថាឥណទានទាំងនេះសម្រាប់អនុវត្តគម្រោងចំនួនពីររួមមាន៖ទី១-ឥណទានសម្បទានទឹកប្រាក់ចំនួន៧២០៥លានយ៉េន(ប្រមាណ៥២,៦លានដុល្លារអាម៉េរិក)សំរាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥(កំណាត់ផ្លូវព្រែកក្តាម-ធ្លាម្អម)ដំណាក់កាលទី៤។

ទី២-ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន៣៦៦លានយ៉េន(ប្រមាណ២,៦៧លានដុល្លារអាមេរិក)សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធានមនុស្ស។

ឯកឧត្តមយូនីអូ អាដហ្សូហ្ស៊ី(UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្លែងថាតាមរយៈឥណទាននិងហិរញ្ញប្បទានទាំងនេះគឺទឹកប្រាក់ចំនួន២,៦៧លានដុល្លារអាមេរិកជួយដល់ការអភិវឌ្ឍធនធានមនុស្ស(ផ្តល់អាហារូបករណ៍)ដល់និស្សិតខ្មែរគិតពីឆ្នាំ២០០១មកដល់បច្ចុប្បន្នមានចំនួន៥០០នាក់បានទៅសិក្សានៅប្រទេសជប៉ុន ។

ឯកអគ្គរាជទូតជប៉ុនបន្តថាចំណែកទឹកប្រាក់៥២,៦លានដុល្លារអាម៉េរិកសម្រាប់គម្រោងកែលម្អនិងសាងសង់ហេដ្ឋានរចនាផ្លូវជាតិលេខ៥ពីព្រែកក្តាមដល់ធ្លាម្អម)ជាផ្នែកមួយនៃការតភ្ជាប់ពីខេត្តបាត់ដំបង-ទៅប្រជុំជនស៊ីសុផុន ខេត្តបន្ទាយមានជ័យនិងតភ្ជាប់ពីប្រទេសវៀតណាម កម្ពុជានិងថៃទៀតផង៕