សន្ដិសុខសង្គម

ឃាត់ខ្លួនសាវលិញ២នាក់ដើរលក់អង្កាំនិងចូលផ្ទះគេគ្មានការអនុញ្ញាត

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ឧសភា បានឃាត់ខ្លួនជនជាតិចិន២នាក់ដែលកោរត្រងោលក្លែងខ្លួនធ្វើជាសង្ឃដើរលក់អង្កាំនិងចូលផ្ទះអ្នកស្រុកគ្មានការអនុញ្ញាត។

មន្ត្រីនែស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​បានឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានប្តឹងថា មានព្រះសង្ឃចិន២នាក់ដើរលក់អង្កាំហើយចូលទៅក្នុងផ្ទះពេលដែលម្ចាស់ផ្ទះមិនអនុញ្ញាតបង្កឲ្យមានការភ័យខ្លាច។

ក្រោយមកសមត្ថកិច្ចក៏បានចុះទៅនាំខ្លួន ព្រះសង្ឃទាំង ២នាក់ខាងលើនោះដែលកំពុងស្នាក់នៅក្នុងផ្ទះសំណាក់បាយន័ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីយកមកសាកសួរ។ បុរសទាំង ២នាក់មានឈ្មោះ YAN FENGLONG ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិចិន និងម្នាក់ទៀតឈ្មោះ LI  RONGCHANG ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិចិនដូចគ្នា។

សមត្ថកិច្ចបានន្ថែមថា ជនជាតិចិនដែលក្លែងបន្លំជាសង្ឃដើរលក់អង្កាំខុសច្បាប់នេះគឺជាមុខសញ្ញាចាស់ដែលនគរបាលធ្លាប់ឃាត់ខ្លួនម្តងរួចមកហើយលើករណីដូចគ្នានៅក្នុងខេត្តកំពង់ស្ពឺ កាលពីចុង​ឆ្នាំ ២០១៨​។ ចំពោះមុខនេះបុគ្គលទាំង ២នាក់នឹង ត្រូវនគរបាលជំនាញរៀបចំបែបបទបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី​៕