សន្ដិសុខសង្គម

ទំនងងោកមួយភាំងបើករថយន្តបុកថ្មចែកផ្លូវ តៃកុងបាក់ជើងម្ខាង

ដោយៈវិចិត្រ

ភ្នំពេញ​៖តៃកុងទំនងងោកមួយភាំងបើករថយន្តបុករបាំងថ្មចែកផ្លូវជាតិលេខ៤ បង្កខូចខាតយ៉ាងដំណំ និងអ្នកបើកបររងរបួសបាក់ជើងម្ខាង។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅមុខសាលារៀនជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែឧសភា។រថយន្តបង្កម៉ាកHYUNDAI PORTER ផ្លាកលេខ កំពង់ស្ពឺ2A-5016។

ជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនកើតហេតុ ខ្លួនបានបើករថយន្តដឹកបន្លែចេញពីខេត្តកំពង់ស្ពឺយកទៅផ្សារដើមគ ហើយត្រឡប់ទៅខេត្តកំពង់ស្ពឺវិញ។មកដល់កន្លែងខាងលើក៏ងោកមួយភាំងជ្រុលបុករបាំងថ្មចែកផ្លូវ បណ្ដាលឱ្យខ្ទេចរថយន្តមួយកំណាត់មុខ និងរងរបួសបាក់ជើងម្ខាង។

ក្រោយកើតហេតុ​ សមត្ថកិច្ចបានស្ទូចយករថយន្តបង្កទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕