អន្តរជាតិ

អាម៉េរិកប្រកាសគាំទ្រការបញ្ជូនយន្តហោះចម្បាំងF-16ទៅឲ្យអ៊ុយក្រែនហើយ

ដោយ៖តុលា

នៅទីបំផុត សហរដ្ឋអាម៉េរិកបានប្រកាសគាំទ្រការបញ្ជូនយន្តហោះចម្បាំងF-16 ទៅអ៊ុយក្រែន ពិសេសនឹងបង្វឹកទាហានអ៊ុយក្រែនលើប្រព័ន្ធនេះថែមទៀតផង។

នេះបើតាមលោកប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានប្រាប់មេដឹកនាំក្រុមប្រទេស G7 នៅប្រទេសជប៉ុនកាលពីថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់សេតវិមានបានបញ្ជាក់ឲ្យដឹងលម្អិតថា សហរដ្ឋអាម៉េរិកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន លើយន្តហោះចម្បាំងជំនាន់ទី ៤ រួមទាំងយន្តហោះ F-16 ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសអ៊ុយក្រែនបន្ថែមទៀត។

យោងតាមសម្រង់សម្ដីដោយប្រភពស៊ី  អិនអិន “នៅពេលដែលការហ្វឹកហ្វឺនធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សម្ព័ន្ធប្រទេសរបស់យើងដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះនឹងសម្រេចកំណត់ពេលផ្តល់យន្តហោះពិតប្រាកដ គួរតែផ្តល់ឲ្យប៉ុន្មានគ្រឿង និងត្រូវយកចេញពីប្រភពណា”។

ការយល់ព្រមរបស់សហរដ្ឋអាម៉េរិកសម្រាប់គម្រោងចុងក្រោយនេះមានន័យថាប្រទេសផ្សេងទៀតក៏អាចនាំចេញយន្តហោះ F-16 របស់ពួកគេបានទៅកាន់ប្រទេសអ៊ុយក្រែនដែរដោយមិនចាំបាច់ព្រួយបារម្ភអ្វីទាំងអស់។

អ៊ុយក្រែនបានបញ្ចុះបញ្ចូលម្តងហើយម្តងទៀតចំពោះសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក្នុងការផ្តល់យន្តហោះចម្បាំងដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយលោក Zelensky បានស្វាគមន៍យ៉ាងពេញដៃជាមួយនឹងអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយពិពណ៌នាថាជា “ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” ហើយលោកទន្ទឹងរង់ចាំ “ការពិភាក្សាអំពីការអនុវត្តជាក់ស្តែង” នៃផែនការនេះនៅក្នុងកិច្ចប្រជុំកំពូល G7៕

ប្រភព៖ CNN