សន្ដិសុខសង្គម

បើកបររថយន្តក្រឡាប់ធ្លាក់ពីផ្លូវបណ្តាលឲ្យស្លាប់ខ្លួនឯង

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ បុរសម្នាក់បើកបររថយន្តក្រឡាប់ធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៧១ C (សេ)ថ្មី ដែលកំពុងសាងសង់ស្ថិតក្នុងភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារបណ្តាលស្លាប់ខ្លួនឯង កាលពីម៉ោងជាង ៥ ព្រឹកថ្ងៃទី ១៩ ឧសភានេះ។

សមត្ថកិច្ចបានឱ្យដឹងថា៖ អ្នកបើកបររថយន្តក្រឡាប់ធ្លាក់ពីថ្នល់ស្លាប់ដោយខ្លួនឯងនោះឈ្មោះ ញិះ កុក រស់នៅភូមិចុងអូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងរថយន្តដែលធ្លាក់ពីលើថ្នល់ម៉ាកតាកូម៉ាពាក់ស្លាកលេខ 2A-8713 ពណ៌ទឹកប្រាក់។

ប្រភពព័ត៌មានដដែលបានបន្តថា៖ នៅមុនជួបឧប្បតិ្តហេតុគ្រោះថ្នាក់ខាងលើ គេបានប្រទះឃើញជនរងគ្រោះបើកបររថយន្តរបស់ខ្លួនចេញពីរង្វង់មូលគល់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សំដៅស្រុកត្បូងឃ្មុំម្នាក់ឯង។ មកដល់ចំណុចកើតហេតុរថយន្តនោះបានធ្លាក់ពីលើថ្នល់ក្រឡាប់ សង្កត់ស្លាប់ និងរថយន្តខូចខាតកម្រិតធ្ងន់ បានប្រគល់ជូនសាច់ញាតិជនរងគ្រោះ៕