អន្តរជាតិ

អាម៉េរិកថាអត់បញ្ហាប្រព័ន្ធមីស៊ីល Patriot នៅអ៊ុយក្រែនជួសជុលរួចហើយ

ដោយ៖តុលា

មន្ទីរបញ្ចកោណធ្វើបច្ចុប្បន្នថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលរងការខូចខាតនៅប្រទេសអ៊ុយក្រែន ពេលនេះត្រូវបានជួសជុលរួចរាល់ហើយ។

នេះបើយោងតាមអ្នកនាង Sabrina Singh ជាអនុលេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ១៨ ខែឧសភា ឆ្នាំ២០២៣។ តាមការដកស្រង់ដោយកាសែតប្រាវដាអឺរ៉ុប ប្រព័ន្ធការពារ Patriot  ពិតជាត្រូវបានជួសជុលជាស្ថាពរមែន។

អ្នកនាងបាន​និយាយ​ថា៖ “ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ប្រព័ន្ធ Patriot មួយ​ត្រូវ​បាន​ខូចមែន ប៉ុន្តែ​ឥឡូវ​នេះ​វា​ត្រូវ​បាន​ជួស​ជុលឡើងវិញ​ហើយ​ វាគឺ​ស្ថិត​ក្នុង​លំដាប់​ប្រតិបត្តិការ​ពេញលេញ”។ ក្នុងការកត់សម្គាល់ទៅកាន់អ្នកយកព័ត៌មាន Sabrinaនៅតែប្រកាន់ជំហរថា ប្រព័ន្ធនេះរងការខូចខាតតិចតួចប៉ុណ្ណោះ បើទោះជារុស្ស៊ីបានអះអាងថាបានវាយប្រហារប្រព័ន្ធឲ្យខូចខាតដំណំក៏ដោយ។

Patriot ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាម៉េរិក រួមទាំងប្រឆាំងនឹងយន្តហោះ និងកាំជ្រួចផ្លោង។ ការវាយប្រហារធ្វើឲ្យ Patriot រងការប៉ះទង្គិចខូច បានធ្វើឲ្យមតិអ្នកលេងបណ្តាញសង្គមអន្តរជាតិមានការភ្ញាក់ផ្អើល និងសំដែងការមិនជឿទាល់តែសោះ។ គួរបញ្ជាក់បន្តិចឡើងវិញថា ប្រព័ន្ធនេះត្រូវបានមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ហៅថា Kinzhal ជាអាវុធឈានមុខ និងតម្លៃថ្លៃវាយប្រហារកាលពីដើមសប្តាហ៍នេះ៕

ប្រភព៖ CNBC