សន្ដិសុខសង្គម

បញ្ជូនសំណុំរឿងចៅសង្កាត់រងម្នាក់ទាញកែវស្រាគប់ដៃគូឱ្យរបួសធ្ងន់ទៅតុលាការ

មណ្ឌលគិរី៖ករណីចៅសង្កាត់រងម្នាក់ដែលទាញកែវស្រាគប់លើដៃគូរួមតុបណ្ដាលឱ្យរងរបួសធ្ងន់នោះ ត្រូវនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែឧសភានេះ។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅរសៀលទី១៦ ខែឧសភា ឆ្នាំ២០២៣ថា ករណីឈ្មោះ ហួរ ណារិន ចៅសង្កាត់រងសង្កាត់រមនាក្រុងសែនមនោរម្យ ទាញកែវស្រាគប់លើគូទំនាស់ឱ្យរងរបួសធ្ងន់នោះ ត្រូវផ្នែកជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែឧសភានេះ។

លោកស្នងការរងបានបន្តថា ប៉ុន្តែសមត្ថកិច្ចរបស់លោកមិនទាន់បានឃាត់ខ្លួនជនសង្ស័យនៅឡើយទេ ខណៈសំណុំរឿងនឹងបញ្ជូនទៅតុលាការ។ក្នុងនោះលោកស្នងការរងក៏មិនទាន់បានបញ្ជាក់ពីមូលហេតុការមិនទាន់ចាប់ខ្លួនជនសង្ស័យនោះនៅឡើយដែរ។

គួររំលឹកថា ករណីហិង្សានេះបានកើតឡើងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១៣ ខែឧសភាកន្លងទៅ។ជនសង្ស័យឈ្មោះ ហួរ ណារិន អាយុ៤៣ឆ្នាំ ជនជាតិដើមភាគតិចព្នងជាចៅសង្កាត់រង នៅភូមិពូត្រុំ សង្កាត់រមនា។ រីឯជនរងគ្រោះឈ្មោះ ជ្រាង ណើប អាយុ៦៣ឆ្នាំ ជនជាតិព្នង មន្ត្រីចូលនិវត្តន៍រងរបួសធ្ងន់។

មុនកើតហេតុ មានកម្មវិធីផឹកស៊ីមួយដោយមានជនសង្ស័យនិងជនរងគ្រោះបានចូលរួមផឹកស៊ី។លុះស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដីគ្នា។ភ្លាមនោះស្រាប់តែចៅសង្កាត់រងបានទាញកែវស្រា គប់ទៅលើអ្នករួមតុធ្វើឱ្យរយះក្បាលហូរឈាមស្រោចពេញខ្លួន។ក្រោយកើតហេតុជនសង្ស័យមិនត្រូវបានឃាត់ខ្លួនទេ។តែសមត្ថកិច្ចក្រុងសែនមនោរម្យ បានត្រឹមកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីតែប៉ុណ្ណោះ៕ដោយ៖វិចិត្រ