សន្ដិសុខសង្គម

ដាក់គុក២នាក់ជាបណ្តោះអាសន្ន ពីបទបង្ហោះម៉ូតូនិងបុកអ្នកដំណើរឱ្យរងរបួស

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញព្រឹកថ្ងៃទី១៧ ខែឧសភា បានឃុំខ្លួនជនជាប់ចោទ២នាក់ ដាក់ពន្ធនាគារពីបទបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនិងធ្វើឱ្យរងរបួសដល់អ្នកដទៃ។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ឈឿង ឡុងហេង សិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក អ្នកបង្ហោះម៉ូតូ។ឈ្មោះ លី ជីឈ័ន្ត សិស្សថ្នាក់ទី៩A1 ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាម្ចាស់ម៉ូតូ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីបង្ហោះម៉ូតូតាមផ្លូវបង្កភាពអនាធិបតេយ្យក្នុងសង្គម និងធ្វើឱ្យរបួសអ្នកដទៃ ប្រព្រឹត្តនៅផ្លូវលេខ២៤៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ក្នុងនោះបានដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1JT-1913។

ការឃុំខ្លួននេះសមត្ថកិច្ចមានភស្តុតាងក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញរូបភាពយ៉ាងច្បាស់ ឃើញក្មេងទំនើងទាំង២នាក់ជិះម៉ូតូបង្ហោះ ហើយជ្រុលទៅបុកអ្នកដំណើរពិតប្រាកដមែន៕