បច្ចេកវិទ្យា

ក្រុមហ៊ុនTesla កោះហៅរថយន្តជាង ១.១ លានគ្រឿងនៅចិនឲ្យចូលមកស្តុកវិញ

ដោយ៖តុលា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តជាង ១.១ លានគ្រឿងនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ២៩ ខែឧសភាតទៅចូលស្តុកវិញ ដោយសារបញ្ហាកម្មវិធីខាងក្នុងអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ។

ការប្រមូលមកវិញនេះគឺគ្របដណ្តប់លើផ្នែកខ្លះនៃរថយន្ត Model S, Model X និង Model 3 ដែលបាននាំចូល ក៏ដូចជារថយន្ត Model 3 និង Model Y ដែលផលិតនៅក្នុងប្រទេសចិនចន្លោះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ និងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលដាក់ជូនរដ្ឋបាលរដ្ឋសម្រាប់បទបញ្ញត្តិទីផ្សារ។

បញ្ហាផ្នែកកម្មវិធីនេះ គឺពាក់ព័ន្ធផងដែរទៅនឹងប្រព័ន្ធហ្វ្រាំងសម្រាប់អ្នកប្រើប្រាស់ ហើយវាក៏មិនផ្តល់ការព្រមានគ្រប់គ្រាន់ដែរ ក្នុងករណីដែលអ្នកបើកបរធ្វើដំណើរក្នុងរយៈពេលយូរ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការបរាជ័យបែបនេះអាចបង្កើនហានិភ័យនៃការប៉ះទង្គិច។ ក្រុមហ៊ុន Tesla នឹងដាក់ពង្រាយការអាប់ដេតកម្មវិធីប្រព័ន្ធរលកធាតុអាកាស ដើម្បីដោះស្រាយបញ្ហានេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

ប្រភព៖ REUTERS