សន្ដិសុខសង្គម

តាមរកចាប់តៃកុងរថយន្តធំបុកម៉ូតូរួចកិនមនុស្សបែកក្បាលធ្លាយខួរស្លាប់

ដោយ៖វិចិត្រ

ភ្នំពេញ​៖សមត្ថកិច្ចកំពុងតាមរកចាប់តៃកុងរថយន្តដឹកស៊ីម៉ងត៍ យកមកចាត់ការតាមច្បាប់ ករណីបើកវ៉ាជែងជ្រុលបុកម៉ូតូ រួចកិនបុរសម្នាក់ឱ្យបែកក្បាលធ្លាយខួរស្លាប់មួយរំពេច។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីម៉ោងជា១១យប់ថ្ងៃទី១៦ ខែឧសភា។

ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ​គង់​ សារ៉ាយ អាយុ៤០ឆ្នាំ អ្នកលក់បង្អែមគ្រប់មុខ ស្នាក់នៅភូមិកណ្ដាល​ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​។

សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា​ PCX ផ្លាកលេខភ្នំពេញ1GD-5974 តាមមហាវិថីឈ្នះឈ្នះ​ពីត្បូងទៅជើង។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តធុនធំដឹកស៊ីម៉ងត៍បើកវ៉ាជែង​ជាមួយរថយន្តដឹកថ្ម ក៏ជ្រុលទៅបុកម៉ូតូរួចកិនមនុស្សឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមតែម្តង។ ចំណែករថយន្តបង្កបានបើករត់គេចបាត់៕