សន្ដិសុខសង្គម

កំពុងរកចាប់តៃកុងឡានបើកបុកម៉ូតូដួលរួចកិនក្មេងស្រីម្នាក់បណ្តាលឱ្យស្លាប់

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងរកចាប់តៃកុងរថយន្តបង្កគ្រោះថ្នាក់ ដោយបើកបុកម៉ូតូឱ្យដួលហើយកិនមនុស្សបណ្តាលឱ្យ​ក្មេងស្រីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

លោក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើង​នៅផ្លូវជាតិលេខ៦ ភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា។

ក្មេងស្រីដែលស្លាប់ឈ្មោះ យ៉ា អាយុ១៣ឆ្នាំ ឪពុកម្តាយលក់ខោអាវក្នុងផ្សារធំមានជ័យ នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

នាយការិយាល័យបានបន្តថា មុនកើតហេតុ មានរថយន្តកាមរីផ្លាកលេខ PPNផ្សាយផ្ទាល់ ដែលពាក់នៅខាងមុខនិងខាងក្រោយកំពុងបើកតាមផ្លូវ។មកដល់កន្លែងចូលបរិវេណផ្សារធំមានជ័យ ម៉ូតូបានបត់រថយន្តក៏បុកពេញទំហឹង បណ្តាលឱ្យដួលរួចកិនក្មេងស្រីរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសង្គ្រោះបន្ទាន់​ដឹកទៅមន្ទីរពេទ្យតែនាងបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តដែលមានស្ត្រីម្នាក់ផងអាចជាប្រពន្ធបានគេចខ្លួនបាត់។ចំណែករថយន្តបង្កត្រូវបញ្ជូនទៅ​ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់។ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕