សុខភាព

តើមិនបានរួមភេទពេលយូរឬមិនដែលសោះមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

ដោយ៖ រតនា

មតិមួយចំនួនតែងមានក្ដីបារម្ភថា ប្រសិនបើមិនបានរួមភេទរយៈពេលយូរ ឬមិនដែលរួមភេទសោះ វានឹងអាចបង្កទៅជាមានជំងឺលើប្រព័ន្ធបន្តពូជមួយចំនួន។ តើមតិមួយនេះពិតជាត្រឹមត្រូវដែរឬទេ?

យោងតាមអ្នកជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានផលប៉ះពាល់ ឬផលរំខានណាមួយបង្កឡើងពីការមិនបានរួមភេទ ឬខានរួមភេទយូរនោះទេ។ ព្រោះថារាងកាយរបស់មនុស្សយើងទាំងស្រីនិងប្រុស បានផលិតអរម៉ូន ឬផលិតមេជីវិតញីនិងឈ្មោល ហើយបើក្នុងករណីដែលយើងមិនបានប្រើប្រាស់វា នោះទេ វានឹងងាប់ទៅវិញ ហើយក៏បង្កើតថ្មីជាបន្តបន្ទាប់។

ដូច្នេះ ក្នុងករណីដែលលោកអ្នកមិនចង់ ឬគ្មានអារម្មណ៍រួមភេទ លោកអ្នកមិនចាំបាច់បារម្ភ ឬបង្ខំឱ្យអារម្មណ៍នោះចេញមកទេ ព្រោះវាមិនបានបង្កបញ្ហាអ្វីដល់សុខភាពអ្នកឡើយ។

ប៉ុន្តែ បើនិយាយដល់ទំនាក់ទំនងស្នេហា ឬជីវិតគូ នោះជារឿងមួយផ្សេងទៀតដែលអ្នកគួរដោះស្រាយ ព្រោះបើអ្នកគ្មានអារម្មណ៍ ឬព្រងើបបន្តើយរយៈពេលយូរ វាអាចក្លាយជាមូលហេតុដែលធ្វើឱ្យស្នេហារង្គោះរង្គើ និងបែកបាក់។

ដូចនេះ ប្រការដែលសំខាន់នោះ គឺ បើទោះបីជាក្នុងមួយជីវិតនេះលោកអ្នកមិនដែលបានរួមភេទទាល់តែសោះ ក៏គ្មានបញ្ហាអ្វីដល់សុខភាពអ្នកដែរ។ ប៉ុន្តែវាអាចមានបញ្ហាផ្លូវចិត្ត ប្រសិនបើយើងនិយាយដល់បញ្ហាទំនួលខុសត្រូវក្នុងទំនាក់ទំនងគ្រួសារ៕

ប្រភព៖ healthline