អន្តរជាតិ

អង្គការសុខភាពពិភពលោកនឹងបិទការិយាល័យពិសេសនៅទីក្រុងមូស្គូ

អង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO នឹងបិទការិយាល័យពិសេសនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយនឹងប្តូរមុខងាររបស់ខ្លួនទៅកាន់ប្រទេសដាណឺម៉ាកជំនួសវិញ។

ការផ្លាស់ប្តូរដែលត្រូវបានសម្រេចក្នុងសម័យប្រជុំនិម្មិតនេះ កើតឡើងនៅដើមសប្តាហ៍នេះ  គឺជាការស្រុះស្រួលគ្នាលើមតិមិនពេញចិត្តលើប្រទេសរុស្ស៊ីដែលបានឈ្លានពានប្រទេសអ៊ុយក្រែនខុសច្បាប់។ វាកើតឡើងបន្ទាប់ពីការអំពាវនាវពីបណ្តាសមាជិកកាលពីឆ្នាំមុន ឲ្យបិទការិយាល័យនៅរុស្ស៊ី។ សម័យប្រជុំក៏ត្រូវបានកោះប្រជុំផងដែរ បន្ទាប់ពីក្រុមរដ្ឋសមាជិកចំនួន ៣០បានស្នើសុំសម័យប្រជុំពិសេសមួយនៅក្នុងលិខិតមួយកាលពីខែមេសាខែមុន ដែលបានកត់សម្គាល់ថា “ផលប៉ះពាល់សុខភាពភ្លាមៗ និងរយៈពេលវែងនៅអ៊ុយក្រែន បណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តជាបញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត”។

សូមជម្រាបឲ្យច្បាស់ថា តំបន់អឺរ៉ុបរបស់ WHO រួមមានប្រទេសចំនួន ៥៣ រួមទាំងប្រទេសមួយចំនួននៅ​អាស៊ីកណ្តាលផងដែរ។ រដ្ឋជាសមាជិកភាគច្រើនបានយល់ព្រមចំពោះការសម្រេចចិត្តឲ្យបិទ “ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង” របស់ស្ថាប័ន​សុខភាពនៅទីក្រុងមូស្គូ ជាមួយនឹងមុខងាររបស់ខ្លួនដែលត្រូវផ្លាស់ប្តូរ​ទីតាំងទៅកាន់ការិយាល័យប្រចាំតំបន់ក្នុងប្រទេសដាណឺម៉ាក “មិនឲ្យលើសពី” ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា