សន្ដិសុខសង្គម

មន្ត្រីសុខាភិបាលនិងអាជ្ញាធរខណ្ឌចាប់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង

ភ្នំពេញ​៖​មន្ត្រីនៃមន្ទីរសុខាភិបាលភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះចាប់រថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ដែលធ្វើសេវាកម្មគ្មានច្បាប់អនុញ្ញាត។

កាលពីយប់​ថ្ងៃទី១៥​ ខែឧសភា​​ កម្លាំងអាជ្ញាខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះចាប់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿងដែលធ្វើសេវាកម្មគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ការចាប់រថយន្តពេទ្យនោះនៅម្តុំឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា រថយន្តដែលចាប់នោះម៉ាកស្តារិច ផ្លាកលេខព្រៃវែង2A-7774 និងមួយគ្រឿងទៀតម៉ាកស្តារិចដែរ ផ្លាកលេខព្រះសីហនុ 2B-4444។

គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៤ ខែឧសភា នៅត្រង់ភ្លើងស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ មានគ្រោះថ្នាក់ចរាចរមួយរវាងរថយន្តធំ និងម៉ូតូហុងដាគុបបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ។បន្ទាប់មកក៏មានរថយន្តពេទ្យឯកជនដោយមិនមានបិទស្លាកឡូហ្គោសម្គាល់គ្លីនិកត្រឹមត្រូវបានមកដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងនោះក្រុមគ្រួសារជនរងគ្រោះអះអាងថា ខាងរថយន្តបានទារប្រាក់ចំនួន៤៥០ដុល្លារ។តែអ្នកបើករថយន្តដឹកសព បានប្រាប់ថា តម្លៃសេវាដឹកសពទៅដល់ស្រុកកំណើតតម្លៃ២៥០ដុល្លារ។ចំណែក២០០ដុល្លារទៀតគឺថ្លៃថ្នាំចាក់សាកសព។បច្ចុប្បន្ន​រថយន្តខាងលើត្រូវបាននាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្នដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ