សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការលើបទល្មើសចំនួន២កាប់ប្លន់និងលួចម៉ូតូ

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់ជនសង្ស័យ៤នាក់លើបទល្មើសចំនួន២ ករណីដេញកាប់ប្លន់យកម៉ូតូ និងលួចកាច់កម៉ូតូ ត្រូវបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៥ ខែឧសភា។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រុមជនសង្ស័យ៤នាក់ដែលឃាត់ខ្លួននេះមាន២បទល្មើសផ្សេងគ្នា។ទី១-ក្រុមជនសង្ស័យ៣នាក់កាលពីយប់ថ្ងៃទី១៣ ខែឧសភា បានប្រើកាំបិតវែង២ដើមដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូនៅម្តុំបុរីសុខស្រេង ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ម៉ូតូដែលចោរប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីមផ្លាកលេខបន្ទាយមានជ័យ1X-3145។

លោកអធិការបានបន្តថា ជនសង្ស័យទាំង៣នាក់ឈ្មោះ រីណា ច័ន្ទហ្វី ហៅហួរតូច អាយុ១៥ឆ្នាំ -ឈ្មោះរ៉ឺក ធីណា ហៅស្កាយ អាយុ១៥ឆ្នាំនិងឈ្មោះវុធ សុខហេង ហៅហេង អាយុ១៦ឆ្នាំ។ទាំងបីនាក់ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីទី២-កម្លាំងបានឃាត់ខ្លួនម្នាក់ឈ្មោះ សាំង ស៊ីឡូ អាយុ១៨ឆ្នាំ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ជនសង្ស័យរូបនេះលួចកាច់សោម៉ូតូនៅត្រង់បុរីដួងច័ន្ទ ស្ថិតក្នុភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ម៉ូតូដែលកាច់សោម៉ាកហុងដាហ្សូមម័រ អ៊ិច ហើយយកម៉ូតូនោះទៅលាក់ទុកក្នុងព្រៃបាន១ថ្ងៃក៏មានគេលួចបន្ត។បន្ទាប់ពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ