អន្តរជាតិ

ក្រពើដ៏ធំមួយក្បាលបង្ហាញខ្លួ​នតាមដងផ្លូវបង្កភាពភ័យខ្លាចដល់ពលរដ្ឋយ៉ាងខ្លាំង

ដោយ៖ សហការី

មានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់ថា មានក្រពើដ៏ធំមួយក្បាលដើរនៅតាមផ្លូវក្បែរហាងលក់គ្រឿងទេស Publix ក្នុងរដ្ឋផ្លរីដា ដែលកំពុងបង្កភាពភ័យខ្លាចដល់ពួកគេ។

បើតាមការចុះផ្សាយរបស់ New York Post នៅថ្ងៃទី១៤ ខែឧសភា បានឲ្យដឹងថា នាយកដ្ឋានប៉ូលិស Pinellas Park បាននិយាយថា មានអ្នកស្រុកម្នាក់បានទូរសព្ទទៅលេខ ៩១១ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ កន្លងទៅ ហើយរាយការណ៍អំពីការប្រទះឃើញសត្វក្រពើដ៏ធំមួយក្បាលដើរនៅជិតផ្លូវ 49th និង Park Boulevard ក្បែរហាងលក់គ្រឿងទេស Publix។ នៅពេលឮតំណឹងនេះដំបូង ខាងមន្រ្តីអភិរក្សបាននិយាយបែបលេងសើចថា ប្រហែលជាក្រពើហ្នឹងវាឃ្លានពេកហើយមើលទៅ បានជាវាដើររក sandwich ញ៉ាំនៅតាមដងផ្លូវបែបនេះ។

ទោះជាយ៉ាងនេះក្តី បន្តិចក្រោយមកក្រពើនោះត្រូវបានភ្នាក់ងារអភិរក្សត្រី និងសត្វព្រៃមកពីរដ្ឋផ្លរីដាពីរនាក់ បានចាប់វាយកទៅវិញនៅពេលដែលវាធ្វើដំណើបកក្រោយ។ នាយកដ្ឋានប៉ូលិសបានបង្ហោះសាលើហ្វេសប៊ុកថា “យើងអាចសន្និដ្ឋានបានថា ក្រពើនេះធ្វើដំណើររកអាហារតែប៉ុណ្ណោះ ព្រោះដោយសារវាឃ្លានខ្លាំងពេក។ ពួកគេបានបញ្ជាក់ថា គេបានយកក្រពើនេះប្តូរទីតាំងវា ទៅរស់នៅកន្លែងទឹកក្បែរទីនោះហើយ។

នាយកដ្ឋានប៉ូលិសបានបញ្ជាក់ថា ការបង្ហាញខ្លួនរបស់សត្វក្រពើខាងលើ មិនបណ្តាលឲ្យអ្នកស្រុកណាម្នាក់រងរបួសនោះទេ។ ក្រុមការងារ Florida Fish and Wildlife Conservation Commission (FWC) បានណែនាំដល់ពលរដ្ឋអំពីវិធីសាស្ត្រ រស់នៅជាមួយសត្វក្រពើដូចជា កុំចិញ្ចឹមសត្វ ឬរក្សាសត្វចិញ្ចឹមឲ្យឆ្ងាយពីមាត់បឹង ស្រះទឹក និងទឹកហូរជាដើម។ រក្សាចម្ងាយរបស់អ្នកឲ្យឆ្ងាយពីមាត់បឹង ស្រះទឹក និងទឹកហូរ ហើយហែលទឹកតែក្នុងតំបន់ដែលបានកំណត់ដោយមន្ត្រីជំនាញ ធ្វើដូចនេះអ្នកទាំងអស់គ្នានឹងមានសុវត្ថិភាព៕