អន្តរជាតិ

អាល្លឺម៉ង់ប្រកាសកញ្ចប់ជំនួយយោធាថ្មីជិត៣ពាន់លានដុល្លារដល់អ៊ុយក្រែន

អាល្លឺម៉ង់ប្រកាសកញ្ចប់ជំនួយយោធាថ្មីជិត៣ពាន់លានដុល្លារដល់អ៊ុយក្រែន​ ខណៈ​ក្លាយជាការប្តេជ្ញាចិត្តប្រឆាំងនឹង​រុស្ស៊ីខ្លាំងបំផុតចាប់តាំងពីសង្រ្គាមថ្ងៃដំបូង។

នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាល្លឹម៉ង់ លោក Boris Pistorius បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ជំនួយចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនេះមានទំហំប្រមាណ ២.៧ពាន់លានអឺរ៉ូ ដែលស្មើនឹង២.៩ពាន់លានដុល្លារអាម៉េរិក។ តាមប្រភពកាសែតអាល្លឺម៉ង់ Der Spiegel ជំនួយនេះ រួមបញ្ចូលជាអាទិ៍នូវរថក្រោះ Leopard 1 A5 ចំនួន ៣០គ្រឿង, រថប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិចំនួន ១៨ គ្រឿង យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២០០ គ្រឿង ប្រព័ន្ធការពារដែនអាកាស IRIS-T SLM ចំនួន ៤ គ្រឿង និងឧបករណ៍ការពារអាកាសផ្សេងទៀត។

លោក Pistorius បានសង្កត់ធ្ងន់ថា នេះមិនមែនជាលើកចុងក្រោយទេ តែអាល្លឺម៉ង់នឹងបន្តជួយទៀតដរាបណា​អ៊ុយក្រែនដង្ហោយហៅត្រូវការ។ ជំនួយលើកនេះ គឺអាល្លឺម៉ង់ចង់បង្ហាញពីទំហំចិត្តច្បាស់លាស់ធំធេងគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងអ្នកឈ្លានពានរុស្ស៊ីឥតផ្លាស់ប្តូរ។

ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក អាល្លឺម៉ង់បានក្លាយជាម្ចាស់ជំនួយយោធាធំបំផុតមួយរបស់អ៊ុយក្រែន។ អាល្លឺម៉ង់បានបើកភ្លើងខៀវអនុញ្ញាតឲ្យមានការបញ្ជូននូវរថក្រោះធុនធ្ងន់ខ្លារខិន Leopard ដល់អ៊ុយក្រែនដើម្បីច្បាំង​ជាមួយរុស្ស៊ីក្នុងសមរភូមិ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា