អន្តរជាតិ

ព្យុះស៊ីក្លូនកំណាច Mocha វាយប្រហារបោកបក់មីយ៉ាន់ម៉ា និងបង់ក្លាដែស

មនុស្សយ៉ាងហោចណាស់៥នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះស៊ីក្លូនកំណាច​បានវាយប្រហារបោកបក់ជុំវិញភាគខាងកើតឈូងសមុទ្រ Bengal។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ក្រោយកើតហេតុថ្ងៃអាទិត្យទី ១៤ ខែឧសភាថា ក្នុងចំណោមអ្នកស្លាប់៥នាក់ មានក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយដើមឈើដួលរលំសង្កត់ ខណៈពេលដែលមានសេចក្តីរាយការណ៍អំពីអគារដែលខូចខាត និងដួលរលំនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ការតភ្ជាប់អគ្គិសនី និងឥតខ្សែត្រូវបានរំខាននៅទូទាំងរដ្ឋធានីរបស់រដ្ឋ Sittwe ហើយវីដេអូតាមអ៊ិនធឺណេត​ក៏បង្ហាញពីប៉មទូរគមនាគមន៍បានបាក់ចុះដោយខ្យល់បក់ខ្លាំងនៅពេលដែលព្យុះស៊ីក្លូនបានខិតជិតមកដល់។ វីដេអូដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានបង្ហាញពីដំបូលផ្ទះ និងផ្ទាំងប៉ាណូដែលហោះចេញពីអគារក្នុងទីក្រុងយ៉ាំងហ្គោន ចំពេលមានភ្លៀងធ្លាក់ខ្លាំង។

សមាគមកាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ការឆ្លើយតបបន្ទាន់ដ៏ធំមួយ ខណៈអ្នក​ភូមិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ​។ ទោះបីជាព្យុះនេះបានវាយប្រហារកាត់បង់ក្លាដែសក៏ដោយ តែមិនមានសេចក្តីរាយការណ៍ពីអ្នកស្លាប់ របួសនៅឡើយទេ។ មន្ត្រីគ្រោះមហន្តរាយរបស់ប្រទេសបង់ក្លាដែស Kamrul Hasan បាននិយាយថា ព្យុះស៊ីក្លូនបានបង្ក “មិនមានការខូចខាតធំដុំ” នៅក្នុងប្រទេសរបស់គាត់ទេឥឡូវនេះ ប៉ុន្តែការរអិលបាក់ដី និងទឹកជំនន់នៅតែបន្តគំរាមកំហែង ពិសេសជំរំជនភៀសខ្លួនក្នុងតំបន់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា