សន្ដិសុខសង្គម

ចាប់ខ្លួនមន្ត្រីក្រុមប្រឹក្សាឃុំម្នាក់ពាក់ព័ន្ធរឿងខ្ចីលុយគេជាង២០ម៉ឺនដុល្លារមិនសង

ដោយ៖រតនា

ភ្នំពេញ ៖ ជនសង្ស័យជាមន្ត្រីបម្រើការងារនៅសាលាឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងបទរំលោភលើទនុកចិត្តមានទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារកាលពីល្ងាចថ្ងៃទី១២ ឧសភា ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនោះមានឈ្មោះ ថា ប៊ុនថន អាយុ២៨ ឆ្នាំ មានទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ការចាប់ខ្លួននេះគឺធ្វើឡើងតាមពាក្យបណ្តឹងរបស់អាជីវករម្នាក់ បានប្តឹងចោទ ប្រកាន់ឈ្មោះ ថា ប៊ុនថន ដែលជាមនុស្សរាប់អានគ្នា កាលពីអំឡុងខែមករា ឆ្នាំ២០២២ បានទៅខ្ចីប្រាក់ពីដើមបណ្តឹងថា យកទៅធ្វើដើមទុនពង្រីកមុខរបររកស៊ី។ នៅពេលដំបូងខ្ចីត្រឹម ៥៥០០ ដុល្លារអាម៉េរិកប៉ុណ្ណោះទេ ហើយក៏សងវិញគ្រប់ចំនួន ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រោយមកទៀតជនសង្ស័យ ចេះតែទៅទទូចខ្ចីប្រាក់ពីដើមបណ្តឹងជាបន្ត បន្ទាប់ ម្តង ១០ ០០០ ម្តង ២០ ០០០ ដុល្លារ មានពេលខ្លះខ្ទង់ ពាន់ដុល្លារ ខ្ចីចំនួន១០ លើក សរុបទាំងអស់ ២០៥ ២១៦ អាម៉េ រិក។ប៉ុន្តែក្រោយពីខ្ចីច្រើនហើយមិនបានសងមកវិញម្ចាស់បំណុលក៏បានដាក់ពាក្យប្តឹងទៅសមត្ថិច្ចឲ្យចាត់ការតាមច្បាប់។

ជុំវិញរឿងចាប់ខ្លួននេះ សារព័ត៌មានCambodia Flash News នៅមិនទាន់ទទួលបានការបញ្ជាក់ឆ្លើយតបណាមួយពីភាគីលោកថា ប៊ុនថន ជាមន្រ្តីក្រុមប្រឹក្សាឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះនៅឡើយទេ៕