សន្ដិសុខសង្គម

មិនទាន់ចាត់ការតាមច្បាប់លើចៅសង្កាត់រងម្នាក់ស្រវឹងចាប់កែវគប់អ្នករួមតុ​ឱ្យរងរបួសធ្ងន់

មណ្ឌលគិរី៖រហូតមកដល់ថ្ងៃទី១៥ ខែឧសភានេះ សមត្ថកិច្ចមិនទាន់ចាត់វិធានការលើចៅសង្កាត់រងម្នាក់​ដែលស្រវឹងប្រើហិង្សា ចាប់កែវគប់បុរសម្នាក់រួមតុឱ្យរងរបួសធ្ងន់នៅឡើយ។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៣ ខែឧសភា មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើងស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។កម្មវិធីនោះមានការចូលរួមពីលោកហួរ ណារិន ចៅសង្កាត់រង។ប៉ុន្តែក្រោយមកស្រាប់តែមានទំនាស់រវាងអ្នកចូលរួមក្នុងកម្មវិធីនិងចៅសង្កាត់រងរូបនោះ។

ប្រភពបានបន្តថា ទំនាស់បានកើតឡើងរវាងលោកចៅសង្កាត់រងនិងបុរសចំណាស់ម្នាក់ ធ្វើឱ្យចៅសង្កាត់រងចាប់បានកែវស្រាគប់ទៅលើឈ្មោះជ្រាង ណើប អាយុ ៦៣ ឆ្នាំ ជនជាតិព្នង ជាមន្ត្រីចូលនិវត្តន៍នៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឱ្យរងរបួសរយះក្បាលហូរឈាមស្រោចពេញមុខ។រីឯជនបង្កឈ្មោះ ហួរ ណារិន អាយុ ៤៣ឆ្នាំ ជនជាតិព្នង ជាចៅសង្កាត់រងសង្កាត់រមនា។ទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណា មកដល់ពេលនេះសមត្ថកិច្ចមិនទាន់មានចំណាត់ការផ្លូវច្បាប់លើជនបង្កនៅឡើយទេ៕ដោយ៖វិចិត្រ