អន្តរជាតិ

អ៊ុយក្រែន​ត្រូវ​ចាយលើអាវុធ​ដែល​មាន​តម្លៃ​ជាង ៣០ ពាន់​លាន​ដុល្លារដើម្បីជីកឫសគល់រុស្ស៊ី

របាយការណ៍ថ្មីបានបង្ហាញថា អ៊ុយក្រែនត្រូវការឃ្លាំងអាវុធដែលមានតម្លៃជាង ៣០ពាន់លានដុល្លារ ដើម្បីជីកឫសគល់ផ្តួលរុស្ស៊ី។

របាយការណ៍ពីប្រភព Bloomberg ជាភ្នាក់ងារព័ត៌មានអន្តរជាតិឯករាជ្យបានបង្ហាញថា ដើម្បីទទួលបានជោគជ័យ អ៊ុយក្រែននឹងត្រូវអនុវត្តប្រតិបត្តិការអាវុធរួមបញ្ចូលគ្នាដ៏ស្មុគស្មាញមួយដែលគិតជាទឹកប្រាក់គឺរង្វង់ច្រើនជាង៣០ពាន់លានដុល្លារបន្ថែម ដោយត្រូវតែមានភ័ស្តុភារ និងផ្នែកជំនាញផ្លូវអាកាសខ្លាំង មានការសម្របសម្រួលថ្មើរជើង រថពាសដែក វិស្វករប្រយុទ្ធ និងប្រដាប់ទុកការពារដែនអាកាសទប់គ្រាប់រុស្ស៊ីដ៏ពូកែ។ លើសពីនេះទៅទៀត ដើម្បីទម្លុះការការពារ​ច្រើនស្រទាប់នៃសហព័ន្ធរុស្ស៊ី ឧបករណ៍វិស្វកម្មពិសេសសម្រាប់ការបោសសម្អាតមីន ការទប់ស្កាត់លេណដ្ឋាន និងកម្ទេចលេណដ្ឋាននឹងត្រូវការជាចំាបាច់។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ទៀតថា ប្រសិនបើអ៊ុយក្រែនអាចសម្រេចបានត្រឹមតែជោគជ័យតូចៗ ដូចជានៅជុំវិញ Bakhmutសព្វថ្ងៃនោះ អ៊ុយក្រែនអាចនឹងប្រឈមនឹងភាពជាប់គាំងយូរទៀត រហូតទ័ពខ្លះត្រូវបាក់ទឹកចិត្តឈប់ច្បាំង ទទួលយកកិច្ចចរចា។

វិទ្យាស្ថាន Kiel ដែលចាំឃ្លាំមើលអ៊ុយក្រែនជាប់មករហូតបានបង្ហាញថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក សម្ព័ន្ធមិត្តលោកខាងលិចបានបញ្ជូនអាវុធដល់អ៊ុយក្រែនដែលមានតម្លៃជាង ៦៧ ពាន់លានដុល្លារ ជាមួយនឹងចំនួនខ្ពស់បំផុតនៅក្នុងខែធ្នូ។ របាយការណ៍តាំងពីខែធ្នូ អ៊ុយក្រែនទទួលបានរថក្រោះជាង ២០០ គ្រឿង រថពាសដែកថ្មើរជើង ៣០០ គ្រឿង និងសព្វាវុធផ្សេងៗទៀតពីសម្ព័ន្ធមិត្ត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា