សន្ដិសុខសង្គម

ក្មេងស្រីម្នាក់​ចុះ​លេង​ទឹកក្នុងអាង​​មុខ​ផ្សារ​​អូ​ឡាំ​ព្យា ​ត្រូវចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ៖គ្រោះអកុសលបានកើតលើក្មេងស្រីម្នាក់ដែលចុះលេងទឹកក្នុងអាងមុខផ្សារទំនើបអូឡាំព្យា ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពេលនាំទៅមន្ទីរពេទ្យគន្ធបុប្ជាដើម្បីសង្គ្រោះ។ហេតុការណ៍នេះបានកើតឡើងនៅ មុខផ្សារទំនើបអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីម៉ោង៨យប់ថ្ងៃទី១០ ខែឧសភា។

កម្លាំងសន្តិសុខផ្សារបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់​អាយុ​ជិត​១០​ឆ្នាំ​​។ ប្រភពបានបន្តថា កន្លង​មកមាន​ក្មេង​​តូច​ៗតែងតែនាំ​គ្នា​មក​ចុះ​ងូតទឹក​លេង​ក្នុង​អាង​ទឹក​ខាងលើ ហើយ​សន្តិសុខ​ ​បាន​ហាម​ពួកគេជារើយៗ ដោយ​ខ្លាច​មាន​បញ្ហា ព្រោះនៅ​ក្នុង​អាង​ទឹក​នោះ​មាន​បំពាក់​នូវ​អំ​ពូ​ល​ភ្លើង​និង​ម៉ាស៊ីនបូមទឹក​ដែល​ប្រើ​ដោយ​ចរន្តអគ្គិសនី។តែ​ក្មេងៗ​​នៅ​តែ​មក​លេងដដែល ​រហូត​​បាន​ឃាត់​ក្មេងៗ​ទាំងនោះ​និង​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​ទៀតផង។

មុន​​កើតហេតុ​ គេ​ឃើញ​​ក្មេង​ៗ​៣ទៅ​៤​នាក់​នាំ​គ្នា​មក​លួច​លេងទឹក​​ក្នុង​អាង​​សួនច្បារមុខ​ផ្សារទំនើបអូឡាំព្យា។​ពេល​នោះ​ក្មេងស្រី​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​អាងក៏​ស្រាប់តែ​រឹងខ្លួន ​ហើយ​លិច​ចូល​ទៅ​ក្នុង​ទឹកតែ​ម្តង​។បន្ទាប់មក​​ពលរដ្ឋ​បាន​ឃើញ​ក៏ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ដោយ​ជួយ​ស្រង់​យក​មក​ខាងលើនិង​​បញ្ជូន​​ទៅ​​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​សង្គ្រោះ។តែ​ជា​អកុសល​ពេល​ទៅ​ដល់មន្ទីរពេទ្យ​ក្មេងស្រី​បាន​ស្លាប់​បាត់​ទៅ​ហើយ​៕ដោយ៖វិចិត្រ