កម្សាន្ដ

ទឹកធ្លាក់ក្បាលឆាយបច្ចុប្បន្ននេះគឺកំពុងតែទាក់ទាញយ៉ាងខ្លាំងដល់ភ្ញៀវទេសចរ

ដោយ៖សហការី

រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលមានចម្ងាយពីផ្លូវជាលេខ ៤ប្រមាណជាង ៩ គីឡូម៉ែត្រនោះ គឺកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

លោក តាំង គីតេង អ្នកគ្រប់គ្រងតំបន់អភិរក្សទឹកស្អាតអានកូរបានឲ្យដឹងថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអានកូដែលជារមណីយដ្ឋានពេញនិយមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្ត។នៅទីនេះមានទឹកជ្រោះធ្លាក់ច្រើនជាន់មានកន្លែងអង្គុយលេងហូបចុកក្នុងតម្លៃថោកសមរម្យ។ បន្ថែមពីលើនេះលោកក៏បានបញ្ជាក់បន្ថែមថា រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយបច្ចុប្បន្នក្រុមហ៊ុនកំពុងរកដៃគូអភិវឌ្ឍន៍ឱ្យមានកន្លែងចែវទូកលេងកម្សាន្តនិងទូកបណ្ដែតទឹកតាមដងជ្រោះដែលមានចម្ងាយប្រមាណជាង ២គីឡូម៉ែត្របន្ថែមទៀត។

ដោយកន្លែងខ្លះមានជ្រោះចោទ និងកន្លែងខ្លះក៏មានផ្ទៃទឹកស្មើដោយយើងចែវទូកលេងកម្សាន្តតាមដងព្រែកប្រកបដោយបរិយាកាសសប្បាយរីករាយ។

លោកក៏បានបន្ថែមថា ដូចនេះសម្រាប់ភ្ញៀវទេសចរមកលេងរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ មានទាំងទឹកជ្រោះលេងកម្សាន្តនិងទូកបណ្ដែតលើទឹកនិងមានកន្លែងអង្គុយលេង ស្ដាប់សូរទឹកធ្លាក់សត្វយំប្រកបទៅដោយ ផាសុខភាពនិងខ្យល់អាកាសបរិសុទ្ធ។

លោកក៏បានលើកឡើងថា ការរៀបចំរមណីយដ្ឋានថ្មីបន្ថែមទៀតនេះក្នុងគោលបំណងចូលរួមជាមួយនឹងអាជ្ញាធរខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិអន្តរជាតិឲ្យមកលេងកាន់តែច្រើនបង្កើនប្រាក់ចំណូលជូនដល់កូនចៅបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយផងដែរ ។ដូច្នេះហើយទើបលោករកដៃគូក្នុងការសហការបង្កើតនូវទីតាំងថ្មីនេះបន្ថែមទៀតនោះ។

ភ្ញៀវទេសចរក្រៅពីទស្សនាលេងកម្សាន្តនៅតាមតំបន់ឆ្នេរដីគោកដីកោះ សូមអញ្ជើញមកទស្សនាលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលក្រុមហ៊ុនកំពុងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀតសម្រាប់បម្រើដល់អារម្មណ៍អ្នកទស្សនា។

ការចូលលេងកម្សាន្តទូកបណ្ដែតលើទឹកនេះដែរ ក្នុងតម្លៃម្នាក់ ៣០ ដុល្លារ។ ដោយឡែកការចូលទស្សនាងូតទឹកលេងកម្សាន្តទឹកធ្លាក់ក្បាលឆាយគឺមិនមានការគិតលុយអ្វីនោះឡើយ។សម្រាប់យានយន្តចូលលេងកម្សាន្តគឺតម្លៃ ៥០០០ រៀល។

ចំពោះអនាម័យបរិស្ថានលោកបានរៀបចំក្រុមអនាម័យសម្អាតជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានរមណីយដ្ឋានស្អាត។

លោកក៏បានសំណូមពរទៅដល់បងប្អូនភ្ញៀវទេសចរទាំងអស់ចូលមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ។ជាមួយនោះសូមមេត្តាចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាជៀសវាងកុំចោលថង់ សំរាមកាក ឬសំណល់ផ្សេងៗចូលទៅក្នុងទឹកឲ្យសោះគឺ ដើម្បីជាការចូលរួមទាំងអស់គ្នាលើកកម្ពស់សោភ័ណភាពបរិស្ថានស្អាតនៅក្នុងតំបន់នេះឲ្យបានគង់វង្សយូរអង្វែង៕