អន្តរជាតិ

អ្នកនេសាទម្នាក់បាត់ខ្លួនរយៈពេលពីរថ្ងៃ បែរជារកឃើញនៅក្នុងពោះក្រពើ

ដោយ៖ សហការី

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបាត់ខ្លួនអ្នកនេសាទជនជាតិអូស្ត្រាលីម្នាក់ ពេលទៅនេសាទជាមួយមិត្តភ័ក្តិ បែរជារកឃើញសាកសពរបស់គាត់នៅក្នុងពោះក្រពើមួយក្បាល។

បុរសជាអ្នកនេសាទឈ្មោះ Kevin Darmody ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយ កាលពីថ្ងៃសៅរ៍នៅឯ Kennedy’s Bend ដែលជាដែនជម្រករបស់សត្វក្រពើទឹកប្រៃដ៏ល្បីល្បាញ វាជាតំបន់ដាច់ស្រយាលមួយនៅភាគខាងជើងនៃស្រុក ឃ្វីនស្លែន (Queensland)។ បន្ទាប់ពីមានការស្វែងរកនៅក្នុងតំបន់នោះអស់រយៈពេល២ថ្ងៃមក ក្រុមប៉ូលិសចាប់បានសត្វក្រពើធំៗពីរក្បាល ហើយក៏ស្រាប់តែរកឃើញសាកសពមនុស្សម្នាក់ នៅក្នុងពោះសត្វក្រពើមួយក្បាល។

សាកសពនោះគេនៅមិនទាន់កំណត់អត្តសញ្ញាណជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែក្រុមប៉ូលិសបាននិយាយថា វាទំនងជានឹងអាច “បញ្ចប់នូវសោកនាដកម្មមួយនេះហើយ” ក្នុងការស្វែងរកបុរសអាយុ ៦៥ ឆ្នាំ ដែលបានបាត់ខ្លួនកន្លងមក។ លោក Darmody គឺជាអ្នកនេសាទដែលមានបទពិសោធន៍ និងជាសមាជិកដ៏ល្បីល្បាញម្នាក់ នៅក្នុងសហគមន៍នៃស្រុក Cape York ។

សត្វក្រពើពីរក្បាលដែលចាប់បានមានប្រវែង ១៣.៤ ហ្វីត ស្មើនឹង ៤.១m និងមួយក្បាលទៀតមានប្រវែង ២.៨m ត្រូវបានប៉ូលិសបាញ់សម្លាប់កាលពីថ្ងៃចន្ទ ចម្ងាយប្រហែល ១.៥ គីឡូម៉ែត្រ ពីកន្លែងដែលគាត់ ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយ។ មន្ត្រីអភិរក្សសត្វព្រៃជឿថាក្រពើទាំងពីរក្បាលនេះ មានពាក់ព័ន្ធនៅក្នុងហេតុការណ៍បាត់ខ្លួនបុរសជនជាតិអូស្ត្រាលីខាងលើ។

អ្នកនេសាទដទៃទៀតដែលទៅជាមួយលោក Darmody បាននិយាយថា  ពួកគេមិនបានឃើញក្រពើវាយប្រហារមកលើគាត់នោះទេ ប៉ុន្តែពួកគេបញ្ជាក់ថា គេបានឮគាត់ស្រែក បន្ទាប់មកបានឮសំលេងផ្ទុះឡើងខ្លាំងៗ។ មិត្តភ័ក្តិរបស់ Darmody គឺលោក John Peiti បានប្រាប់អ្នកកាសែត Cape York Weekly ថា “ខ្ញុំបានរត់ទៅរកមើលគាត់ ប៉ុន្តែមិនមានសញ្ញាអំពីគាត់នោះទេ”៕