កីឡា

ខេត្តព្រះសីហនុទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា៣ប្រភេទ

ដោយ៖សហការី

ខេត្តព្រះសីហនុដែលជាខេត្តតំបន់មាត់សមុទ្រនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសំខាន់ៗចំនួន៣ភេទនាពេលខាងមុខនេះ។

នៅក្នុងកម្មវិធីប្រកួតទាំងនោះគឺរួមមាន៖ទី១-ទូកក្តោងចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ទី ២-កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣និងទី៣-កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

កម្លាំងយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ បានចូលរួមនឹងបន្តចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួត។

គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមនានានៅតាមគោលដៅរបស់ខ្លួនឱ្យបានល្អ។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាដោយសេរី ។

ជាមួយនោះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួនផងដែរ ៕