សន្ដិសុខសង្គម

អាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ករណីឆក់ខ្សែកទៅតុលាការ

ភ្នំពេញ៖អាវុធហត្ថភ្នំពេញ នៅយប់ថ្ងៃទី២ ខែឧសភា បានស្រាវជ្រាវចាប់ក្រុមជនសង្ស័យម្នាក់ចំណោម២នាក់ ករណីឆក់ខ្សែកពីជនរងគ្រោះតាមផ្លូវពេលកន្លងទៅ ត្រូវបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ជនសង្ស័យ២នាក់បានជិះម៉ូតូឆក់ខ្សែក ពីជនរងគ្រោះកំពុងរង់ចាំប្រពន្ធនៅក្នុងផ្សារបានសម្រេចរួចគេចខ្លួនបាត់។ហេតុការណ៍នោះនៅមុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនោះ។ក្រោយពេលទទួលបណ្តឹងកាលពីថ្ងៃទី២៧ ខែមេសា អាវុធហត្ថជំនាញបានស្រាវជ្រាវឈានដល់ឃាត់ជនសង្ស័យម្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ យកទៅសាកសួរ។

ប្រភពដដែលបានបន្តថា ជនសង្ស័យ ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៤៨ឆ្នាំ បានសារភាពថា ខ្លួន និងបក្ខពួកបានឆក់ខ្សែកពីជនរងគ្រោះនៅមុខផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃទី២២ ខែមេសានោះពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ចំណែកបក្ខពួកដែលបានរត់គេចខ្លួនកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកចាត់ការបន្ត៕ដោយ៖វិចិត្រ