អន្តរជាតិ

រុស្ស៊ីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនចំនួនបីគ្រឿងក្នុងរយៈពេលតែមួយថ្ងៃ​

រុស្ស៊ីអះអាងថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនចំនួន៣គ្រឿង ក្នុងរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះចម្បាំង MiG-29 សម័យសូវៀតចំនួនពីរគ្រឿង ពីលើតំបន់ខេត្ត Donetsk គ្រប់គ្រងដោយរុស្ស៊ី (DPR) និងយន្តហោះអ៊ុយក្រែន Su-25 មួយគ្រឿងពីលើតំបន់កំពង់ផែ Kherson ភាគខាងត្បូង។ ក្រសួងបានបន្ថែមថា យោធារុស្ស៊ីក៏បានស្ទាក់ចាប់មីស៊ីល High Mobility Artillery Rocket System ឬហៅថា (HIMARS) ដែលផលិតដោយសហរដ្ឋអាម៉េរិកចំនួន ៨ គ្រឿង និងបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៦ គ្រឿងផងដែរ។ យោងតាមក្រសួងរុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបំផ្លាញយន្តហោះចម្បាំងសរុបបានចំនួន ៤១៦ គ្រឿង ឧទ្ធម្ភាគចក្រចំនួន២៣០ គ្រឿង និងយន្តហោះគ្មានមនុស្សបើកជិត ៤០០០ គ្រឿងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយទីក្រុងគៀវកាលពីខែកុម្ភៈឆ្នាំមុន។ ជុំវិញរបាយការណ៍នេះ មិនទាន់មានប្រភពណាអាចផ្ទៀងផ្ទាត់ត្រឹមត្រូវឡើយ។

រុស្ស៊ី​បាន​ព្រមាន​លោកខាងលិច​ម្តង​ហើយ​ម្តងទៀត​ថា ការ​ប្រគល់​អាវុធ​ឲ្យ​អ៊ុយក្រែន​នឹង​អូសបន្លាយ​ពេល​ជម្លោះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទូចកាលពីដើមខែកុម្ភៈថា ការពិភាក្សារបស់លោកខាងលិចអំពីការបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីក្រុងគៀវមិនត្រឹមតែបង្ហាញពី “ការរីកលូតលាស់នៃការចូលរួមរបស់ពួកគេ” នៅក្នុងអរិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឱ្យមានភាពតានតឹងកើនឡើងផងដែរ៕

ប្រភព៖ RT

ប្រភពរូប៖RT
ប្រែសម្រួល៖សុខ តុលា