សន្ដិសុខសង្គម

បញ្ជូនយុវជនពីរនាក់ទៅសាលាដំបូងក្រោមបទសង្ស័យគប់កញ្ចក់រថយន្តគេ

កំពត៖ នគរបាលនៃស្នងការដ្ឋានខេត្តកំពតបានបញ្ជូនយុវជន២នាក់ទៅសាលាដំបូង ក្រោមបទសង្ស័យគប់កញ្ចក់រថយន្តព្រោះតែខឹងបើកភ្លើងហ្វាមើលផ្លូវមិនឃើញ។

តាមការប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលថា ជនសង្ស័យទាំងពីរនាក់ រួមមាន ១. ឈ្មោះ រីម រ៉ាម  អាយុ ២០ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ២. ឈ្មោះ ប៉ាត់ កុយ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបានរៀបរាប់ថា កាលពីយប់ថ្ងៃទី៣០ ខែមេសា មានយុវជនពីរនាក់បានជិះម៉ូតូនៅលើផ្លូវបេតុងមកពីទិញសាច់ក្លែមក្បែររោងចក្រខេស៊ីមែន។ ស្របពេលនោះស្រាប់តែមានរថយន្តបែនមកពីមុខបើកភ្លើងហ្វាធ្វើឱ្យពួកគេខឹងទើបគ្នាគេម្នាក់យកដបទឹកសុទ្ធគប់ចំកញ្ចក់រថយន្តបណ្ដាលឱ្យបែក រួចជិះម៉ូតូគេចខ្លួនតែម្ដង។

ប្រភពដដែលបានបន្តថា ជាមួយករណីនោះ ម្ចាស់រថយន្តបានប្ដឹងចូលសមត្ថកិច្ច ទើបនៅថ្ងៃទី២ ខែឧសភា កម្លាំងអធិការដ្ឋានស្រុកបន្ទាយមាសសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃាត់ខ្លួនជនទាំងពីរនាក់បានជាបន្តបន្ទាប់។ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ព្រោះខឹងរថយន្តនោះបើកភ្លើងហ្វាចំមុខមើលផ្លូវមិនឃើញ៕ ដោយ៖កំចាយ.