សន្ដិសុខសង្គម

ជិះម៉ូតូលឿនបុកគោដើរឆ្លងផ្លូវដួលបោកក្បាលស្លាប់ភ្លាម រីឯគោរបួសធ្ងន់

កំពង់ស្ពឺ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកគោកំពុងដើរឆ្លងផ្លូវបណ្តាលឱ្យដួល​បោកក្បាលស្លាប់មួយរំពេច រីឯគោរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅខាងកើតខ្លោងទ្វារវត្តអង្គតាភែម តាមផ្លូវលេខ១៤៣ ស្ថិតក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី២ ខែឧសភា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះសិទ្ធ ធិ អាយុ២៤ឆ្នាំ នៅភូមិ ឃុំខាងលើ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ 1JM-6449 ។មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវលេខ១៤៣ ពីកើតទៅលិចក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏ជ្រុលទៅបុកគោកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។ ចំណែកគោបានរងរបួសធ្ងន់ដែរ។

ក្រោយមកកម្លាំងនគបាលស្រុកបានចុះពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯគោយកទៅទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីស្រាវជ្រាវរកម្ចាស់ដើម្បីចូលខ្លួនមកដោះស្រាយ៕ដោយ៖វិចិត្រ