សន្ដិសុខសង្គម

ឆេះផ្ទះចំនួន៩ខ្នងផ្ទះ,ឃ្លាំងស្តុកសម្ភារ និងរថយន្តទំនើបមួយគ្រឿង

​ ភ្នំពេញ​៖អគ្គិភ័យបានឆាបឆេះផ្ទះចំនួន៩ខ្នងផ្ទះ, ឃ្លាំងស្តុកសម្ភារមួយកន្លែង និងរថយន្តទំនើប ម៉ាកតូយូតា Lexus RX330 មួយគ្រឿងអស់ស្ទើរទាំងស្រុង។គ្រោះអគ្គិភ័យនេះនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២ ខែឧសភា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម ក្រុមជំនាញរបស់លោកបានចេញរថយន្តពន្លត់អគ្គិភ័យ គ្រប់គោលដៅជួយអន្តរាគមន៍។

លោកបានបន្តថា​ មូលហេតុនៃការឆាបឆេះនេះ​គឺបណ្ដាលមកពីអ្នកដុតសំរាមមានការធ្វេស​ប្រហែសទើបឆេះរាលដាដល់ផ្ទះឈើប្រក់ស័ង្កសី៨ខ្នងផ្ទះ និងផ្ទះថ្មប្រក់ស័ង្កសី១ខ្នងអស់ទាំងស្រុង។ក្នុងនោះឆេះឃ្លាំងស្តុកសម្ភារឱ្យខូចខាចមួយចំនួនធំនិងរថយន្តម៉ាកLexus RX330 មួយគ្រឿងខូចខាតស្ទើរទាំងស្រុង ប៉ុន្តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

ក្នុងប្រតិបត្តិការ​សង្គ្រោះនេះកម្លាំងជំនាញបានចេញរថយន្តពន្លត់​អគ្គិភ័យ និងបាញ់ទឹកអស់ចំនួន​២២រថយន្តទើបភ្លើងរលត់ទៅវិញ។ចំណែកទំហំនៃការខូចខាតមន្ត្រីអាជ្ញាធរកំពុងសាកសួរ៕ដោយ៖វិចិត្រ