កីឡា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចែកគ្នាម្នាក់មួយពិន្ទុជាមួយហ្វីលីពីន ក្រោយរបូត១គ្រាប់ចុងម៉ោង

ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាជាមួយជម្រើសជាតិហ្វីលីពីន(ក្រោមអាយុ២២ឆ្នាំ) បានត្រឹមស្មើគ្នាប៉ុណ្ណោះ ដោយការវាយបកតាមស្មើចុងម៉ោង ក្នុងលទ្ធផល១-១ ក្នុងពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ។ គោព្រៃកម្ពុជាជាអ្នកនាំមុខមុនតាំងពីនាទីទី២៦ ដោយកីឡាករ គី រីណា ហើយការប្រកួតលើទីលានរឹតតែស្វិតស្វាញ អូសបន្លាយពេលវេលា កៀកនឹងចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី៩០+៣ ក្រុមជម្រើសជាតិហ្វីលីពីន បានបំផ្លោងបាល់ចូលមកមុខទីរបស់កម្ពុជា ហើយតែតបញ្ចូលទីបានសម្រេចដោយកីឡាករ Carino ។

ក្រោយចប់ការប្រកួត ក្រុមជម្រើសជាតិទាំង២ បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ដោយកម្ពុជាប្រកួត២លើក ឈ្នះ១  ស្មើ១ មាន៤ពិន្ទុ រីឯក្រុមហ្វីលីពីន ចាញ់១ ស្មើ១ មានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្នុងពូល A សម្រាប់វិញ្ញាសាបាល់ទាត់បុរស ។

ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបមីយ៉ាន់ម៉ា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕