សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើស្ត្រីប្រើកាំបិតចុងស្រួចចាក់ម្ចាស់លុយឱ្យស្លាប់ក្នុងចម្ការ

តាកែវ៖កាលពីថ្ងៃទី២ ខែឧសភា នគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវឈានដល់ចាប់ស្ត្រីម្នាក់​ពីបទប្រើកាំបិតចុងស្រួចចាក់ម្ចាស់លុយឱ្យស្លាប់ក្នុងចម្ការដែលសមត្ថកិច្ចកំពុងបន្តនីតិវិធី។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ជួប លីណា ហៅណែត អាយុ២៣ឆ្នាំ បានចាក់សម្លាប់ម្ចាស់បំណុលនៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី១ ខែឧសភា។ចំណែកស្ត្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ ខេង ស្រី អាយុ៤៥ឆ្នាំ នៅភូមិឃុំខាងលើ។

សពត្រូវជនសង្ស័យប្រើកាំបិតចុងស្រួចចាក់៦កាំបិត បណ្តាលឱ្យស្លាប់ក្នុងចម្ការស្លឹកគ្រៃមួយកន្លែង។នៅទីតាំងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ-កាំបិតចុងស្រួច១និងកូនសោម៉ូតូ១។ចំណែកប្តីស្ត្រីសង្ស័យ ឈ្មោះសួន ស៊ីថា អាយុ៣៤ឆ្នាំ កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ផ្នែកជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្តើមការស្រាវជ្រាវក៏បានឃាត់ស្ត្រីដៃដល់ខាងលើហើយនាំខ្លួនទៅអធិការដ្ឋាន​នគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរពីមូលហេតុនិងកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ