អន្តរជាតិ

អ៊ុយក្រែនប្រាប់ប្រជាជនកុំឲ្យទទួលលិខិតឆ្លងដែនរុស្ស៊ីឲ្យសោះ រង់ចាំកងកម្លាំងទៅរំដោះ

អ៊ុយក្រែនប្រាប់ប្រជាជនកុំឲ្យទទួលលិខិតឆ្លងដែនរុស្ស៊ីឲ្យសោះ ដោយអំពាវនាវឲ្យនាំគ្នារត់ចេញតាមដែលអាចធ្វើទៅបាន ឬមួយក៏រង់ចាំកងកម្លាំងអ៊ុយក្រែនទៅរំដោះនាពេលឆាប់ៗនេះ។

លោកស្រី Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធ្វើសមាហរណកម្មនៃដែនដីកាន់កាប់បណ្តោះ​អាសន្នអ៊ុយក្រែនបានអំពាវនាវដល់ប្រជាពលរដ្ឋ នៃដែនដីដែលរុស្ស៊ីកាន់កាប់បណ្តោះអាសន្ន កុំទទួលយកលិខិតឆ្លងដែនរុស្ស៊ី និងកុំសហការជាមួយពួកឈ្លានពានតាមគ្រប់មធ្យោបាយ។  Vereshchukថា អ្នកកាន់កាប់ចង់ឱ្យអ៊ុយក្រែនក្លាយជាជនជាតិរុស្ស៊ី ឬចាកចេញពីទឹកដីដែលកាន់កាប់បណ្តោះអាសន្ននោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ​លោកស្រី​ជឿជាក់​ថា វា​មិនអាច​ប្រែក្លាយ​ជនជាតិ​អ៊ុយក្រែន​ទៅជា​ជនជាតិ​រុស្ស៊ី​បានឡើយ ទោះបី​ត្រូវ​បង្ខំចិត្ត​ធ្វើ​លិខិតឆ្លងដែន​ក៏ដោយ ហើយអ្នកកាន់កាប់​នឹងមិន​ស្នាក់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​យូរដែរ។

សម្រង់សម្ដីពី Vereshchuk៖ “អនុសាសន៍របស់ខ្ញុំចំពោះជនជាតិអ៊ុយក្រែននៅក្នុងទឹកដីដែលកាន់កាប់​បណ្តោះអាសន្ននៅតែដដែល៖ ចូរកុំទទួលយកលិខិតឆ្លងដែនរុស្ស៊ី; កុំសហការជាមួយអ្នកឈ្លានពាន; ចាកចេញប្រសិនបើអាចធ្វើទៅបាន; ចុងក្រោយគឺរង់ចាំ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែនយើងទៅរំដោះ”។

គួររំលឹកថា ប្រតិបត្តិការរំដោះអ៊ុយក្រែនបានប្រកាសឡើងអស់រយៈពេលយូរមកហើយ តែមិនដឹងកាលបរិច្ឆេទ​ចាប់ផ្តើមច្បាស់លាស់ឡើយ។ ទាហានស៊ីឈ្នួលរុស្ស៊ីថា អ៊ុយក្រែនកំពុងរង់ចាំឱកាសល្អ រង់ចាំភូមិសាស្រ្តអំណោយផល និងប្រមូលអាវុធបានគ្រប់គ្រាន់៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា