សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមរកចាប់ឈ្មួញអ្នករកស៊ីឈើបន្លំធ្វើជាមន្ត្រីអាវុធហត្ថ

មណ្ឌលគិរី៖មកដល់ថ្ងៃទី២​ ខែឧសភានេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានឈ្មួញយករថយន្តទំនើប​ទៅដឹកឈើបន្លំធ្វើជាមន្ត្រីអាវុធហត្ថនោះនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានបង្រ្កាបរថយន្តទំនើប១គ្រឿង ម៉ាកឡិចស៊ីសRX400h ផ្លាកលេខភ្នំពេញ2BQ-2332 ដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ក្រោយបែកការណ៍ ឈ្មួញឈើដែលគេស្គាល់ឈ្មោះទូបានចុះពីរថយន្តរួចគេចខ្លួនដោយទុករថយន្តចោល។

នៅយប់ថ្ងៃដដែល លោក សៀង រ៉ាវី នាយករងដែនជម្រកបរិស្ថានស្រុកកែវសីមា សហការជាមួយ​កម្លាំងសមត្ថកិច្ចស្រុកបានចុះពិនិត្យរថយន្តដឹកឈើនោះ។នៅខាងក្នុងរថយន្តឃើញមានផ្លាកកងរាជអាវុធហត្ថ​ដាក់លើកញ្ចក់រថយន្តដែលគេសង្ស័យថាគឺឈ្មួញដឹកឈើយកមកបន្លាចសមត្ថកិច្ចតាមផ្លូវ។

ចំពោះវត្ថុតាងឈើនិងរថយន្តត្រូវបានយកទៅទុកនៅស្នាក់ការបរិស្ថានស្រុកកែវសីមា។ចំណែកឈ្មួញឈើឈ្មោះ ទូ ជាម្ចាស់ឈើនិងរថយន្ត មន្រ្តីបរិស្ថាននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សុខុម