អន្តរជាតិ

រុស្ស៊ីអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនមួយគ្រឿង នៅភាគខាងលិចនៃតំបន់គ្រីមៀរ

រុស្ស៊ីអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនមួយគ្រឿងនៅភាគខាងលិចនៃតំបន់គ្រីមៀរ​កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

លោក Sergey Aksyonov អភិបាលនៃសាធារណរដ្ឋប្រជាមានិតគ្រីមៀរ បានសរសេរនៅលើបណ្តាញ Telegram របស់គាត់កាលពីថ្ងៃចន្ទថា “យន្តហោះគ្មានមនុស្សបើកមួយ ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ីនៅភាគខាងលិចនៃតំបន់គ្រីមៀរ”។ លោកថា “UAV នោះគឺជារបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាសនៅភាគខាងលិចនៃតំបន់គ្រីមៀរ។ បុគ្គលិករបស់យើងដោះស្រាយភារកិច្ចបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ ខ្ញុំ​សុំ​ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ជឿ​ទុក​ចិត្ត​តែ​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្តរបស់យើងប៉ុណ្ណោះ”។ ជុំវិញព័ត៌មានលម្អិត មិនមានអ្នកស្លាប់ របួស និងការខូចខាតណាត្រូវបានរាយការណ៍ឡើយ។

លោក Aksyonov ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រភព TASS កាលពីខែធ្នូថា “យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅតែជាប្រភពនៃការគំរាមកំហែងដល់តំបន់”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា