សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនជាង១គីឡូក្រាមទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលស្រុកពញាឮ បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន​និងវត្ថុតាងជាង១គីឡូក្រាមនិងបញ្ជូនទៅតុលាការ។

លោក វរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮបានឱ្យដឹងថា ត្រូវឃាត់ខ្លួននៅក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមេសា។ជនសង្ស័យឈ្មោះ ឃឹម ចាន់ណា អាយុ៣៩ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំដែលសមត្ថកិច្ចតាមដានជាយូរមកហើយ។

លោកអធិការបានបន្តថា ពេលចាប់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយចំនួន៤កញ្ចប់ មានទម្ងន់ជាង១គីឡូក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀន១-សម្ភារវេចខ្ចប់មួយចំនួន-ទូរសព្ទ១គ្រឿងនិងម៉ូតូ២គ្រឿង។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនេះរូបគេបានទិញពីជនមិនស្គាល់ឈ្មោះនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ចំណែកលុយត្រូវវេរប្រាក់តាមវីងនិងទៅយកគ្រឿងញៀនតាមការណាត់គឺឃ្លុំបេទុកឱ្យនៅផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥១ ម្តុំបាត់ដឹង និងម្តុំរោងចក្រវត្តអូរ។ពេលទិញម្តងៗ១គីឡូក្រាមតម្លៃជាង៩ពាន់ដុល្លារ ហើយដើមទុនដែលយកទៅរកស៊ីជួញដូរគ្រឿងញៀននោះគឺយកប្លង់ផ្ទះទៅបញ្ចាំខ្ចីពីធនាគារ។ ក្រោយសាកសួរ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ