សន្ដិសុខសង្គម

នឹងនាំអ្នកចូលលួចម៉ូតូក្នុងអធិការដ្ឋាននគរបាលស្រុកគិរីវង់ទៅតុលាការ

តាកែវ​៖ជនសង្ស័យម្នាក់ហ៊ានចូលលួចម៉ូតូក្នុងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ត្រូវកម្លាំងនគរបាលបានចាប់វ៉ៃខ្នោះភ្លាមៗ នឹងនាំខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

ករណីលួចម៉ូតូកម្លាំងនគរបាលនេះ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា។

មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ផានិត អាយុ៣០ឆ្នាំ នៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រភពដដែលបានបន្តថា មុនចាប់ខ្លួន ជនសង្ស័យបានចូលមន្ទីរពេទ្យបង្អែកស្រុក លួចឧបករណ៍ពេទ្យនិងសម្ភារមួយចំនួន។រួចរូបគេបានមកធ្វើសកម្មភាពលូចម៉ូតូក្នុងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខណៈសមត្ថកិច្ចកំពុងសម្រាកលង់លក់។

ម៉ូតូម៉ាកវីស្តុនជាកម្មសិទ្ធិរបស់មន្រ្តីនគរបាលឈ្មោះ ម៉ុក ភីរម្យ  អាយុ៣៨ឆ្នាំ នៅស្រុកគិរីវង់ ខេត្តតាកែវ។ពេលកំពុងធ្វើសកម្មភាពមន្ត្រីភ្ញាក់ទាន់ក៏បានឃាត់ខ្លួនតែម្តង។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ​និងកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ