អន្តរជាតិ

និសិ្សតម្នាក់ដោយសារតែឃ្លានពេកក៏ញ៉ាំចេកដែលតាំងក្នុងសារមន្ទីរ

ដោយ៖ សហការី

និស្សិតផ្នែកសិល្បៈនៅកូរ៉េខាងត្បូងម្នាក់ដោយសារតែឃ្លានពេក បានញ៉ាំចេកដែលបានដាក់តាំងនៅក្នុងសារមន្ទីរ ដែលជាការរៀបចំដោយវិចិត្រករល្បីឈ្មោះ Maurizio Cattelan។

ក្នុងសារមន្ទីរនៅប្រទេសកូរ៉េនៃទីក្រុងសេអ៊ូលបានអនុញ្ញាតឲ្យនិស្សិត ផ្នែកសិល្បៈមួយក្រុមបានចូលធ្វើទស្សនកិច្ចនៅទីនោះ ពួកគេបានទស្សនានូវការតាំងបង្ហាញជាច្រើន ដែលក្នុងនោះក៏មានការតាំងបង្ហាញចេកទុំមួយផ្លែដែលបិទនៅលើជញ្ជាំង។ ថ្វីត្បិតមើលទៅពិតជាសាមញ្ញ ប៉ុន្តែវាមានតម្លៃថ្លៃ ដោយផ្នែកទៅលើស្នាដៃនៃការតាំងបង្ហាញ និងស្នាដៃរបស់វិចិត្រករល្បីឈ្មោះម្នាក់ជាអ្នករៀបចំវា។

ដោយសារតែមិនបានញ៉ាំអាហារពេលព្រឹក និងឃ្លានពេក និស្សិតផ្នែកសិល្បៈនៅកូរ៉េខាងត្បូងម្នាក់បានយកផ្លែកចេកនោះមកញ៉ាំ។ បន្ទាប់ពីញ៉ាំចេករួច និស្សិត Noh Huyn-soo បានយកសំបកទៅបិទនៅលើជញ្ជាំងវិញ ដែលហេតុការណ៍នេះបានបង្ហាញមានរយៈពេលជាងមួយនាទី ដែលថតដោយមិត្តរបស់លោក Noh ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រោយមកសារមន្ទីរបានដាក់ចេកថ្មីនៅកន្លែងដដែល។ ចេកដែលដាក់តាំងបង្ហាញត្រូវបានគេរាយការណ៍ថា រៀងរាល់ពីរ ឬ បី ថ្ងៃម្តង គេតែងតែផ្លាស់ប្តូរចេកនេះ។ សារមន្ទីរសិល្បៈ Leeum មិនបានឆ្លើយតបទៅនឹងការសាកសួរតាមអ៊ីមែលរបស់ BBC ទេ។  ទោះបីជាយ៉ាងណាសារមន្ទីរសិល្បៈ Leeum បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខ្លួននឹងមិនទាមទារសំណងចំពោះនិស្សិតនោះទេ។

ករណីនេះធ្លាប់កើតមានម្តងរួចមកហើយ ដោយកាលពីឆ្នាំ ២០១៩ វិចិត្រករសម្តែង David Datuna បានទាញចេកចេញពីជញ្ជាំងយកមកញ៉ាំដូចគ្នានេះដែរ។ ដែលចេកនេះត្រូវបានលក់ក្នុងតម្លៃ $120,000 (£91,000) នៅ Art Basel ក្នុងទីក្រុង Miami។ បុរសខាងលើក៏មិនត្រូវបានគេពិន័យដែរ ដោយចេកគេបានជំនួសថ្មីវិញយ៉ាងឆាប់រហ័ស ហើយមិនមានវិធានការអ្វីទៀតទេ៕