សន្ដិសុខសង្គម

ដាក់គុកបុរសម្នាក់បណ្តោះអាសន្នពីបទលួចរថយន្តនិងរត់ពីមន្ទីរឃុំឃាំង

ភ្នំពេញ៖តុលាការភ្នំពេញ ថ្ងៃទី២ ខែឧសភា បានឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ​លួចរថយន្តនិងរត់ចេញពីមន្ទីរឃុំឃាំង។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទ ឈ្មោះ ផល ភី រុំ អាយុ២៣ឆ្នាំ ស្នាក់នៅយានដ្ឋានជួសជុលរថយន្តក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។បុរសនេះបានធ្វើសកម្មភាពលួចរថយន្ត ម៉ាក RANG ROVER ផ្លាកលេខភ្នំពេញ 2BT 5818 កាលពីថ្ងៃទី២០ ខែមេសា នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។

ជនត្រូវចោទបានយកមកឃុំខ្លួននៅអធិដ្ឋានដ្ឋាននគរបាលខណ្ឌឫស្សីកែវ។កាលពីយប់ថ្ងៃទី២៥ ខែមេសា ជននេះបានលួចរត់ពីបន្ទប់ឃុំឃាំងជាមួយជនបរទេសស្បែកខ្មៅម្នាក់ទៀត។ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានសហការជាមួយនគរបាលខេត្តក៏ចាប់បានជនសង្ស័យម្នាក់ឈ្មោះផល ភីរុំ នៅខេត្តឧត្តរមានជ័យ។ ចំណែកជនសង្ស័យជនជាតិនីហ្សេរីយ៉ា ផ្នែកជំនាញកំពុងបន្តស្វែងរកចាប់ខ្លួន៕ដោយ៖វិចិត្រ