សន្ដិសុខសង្គម

ជនជាតិគ្រឹងបើកម៉ូតូបុកអ្នកថ្មើរជើងធ្វើឱ្យស្លាប់ម្នាក់រងរបួស២នាក់

រតនគិរី៖បុរសជនជាតិគ្រឹងបើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿនពេលយប់ បានបុកអ្នកដើរថ្មើរជើងម្នាក់បណ្ដាលឱ្យស្លាប់ និងខាងម៉ូតូរងរបួស២នាក់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវទៅស្រុកអូរជុំ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី១ ខែឧសភា។

ជនសង្ស័យបង្កគ្រោះថ្នាក់

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខបើកបរដោយឈ្មោះ បាត ប៊ុនឡុត អាយុ១៨ឆ្នាំ ជនជាតិគ្រឹង នៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី រងរបួស។អ្នករួមដំណើរឈ្មោះ កាន់ ស្រាំសូក អាយុ២៧ឆ្នាំ ជនជាតិគ្រឹង នៅភូមិ-ឃុំជាមួយគ្នារងរបួស។

ចំណែកអ្នកដើរថ្មើរជើងស្លាប់ ឈ្មោះ សួន ប៊ីលី អាយុ២៣ឆ្នាំ នៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង បានស្លាប់នៅមន្ទីរពេទ្យឯប្រទេសវៀតណាម។ប្រភពដដែលបានបន្តថា ករណីនេះបណ្ដាលមក​ពី​អ្នកបើកបរម៉ូតូប្រើល្បឿនលឿនក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យរួចយកម៉ូតូនិងអ្នកបង្កទៅស្នងការដ្ឋាននគរបាលខេត្តនឹងកសាង​សំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ