អន្តរជាតិ

ចិនកោះហៅយោធាចូលនិវត្តន៍ឲ្យបម្រើការងារវិញ ត្រៀមបង្វឹកយោធាក្មេងៗវាយលុកកោះតៃវ៉ាន់

ប្រទេសចិនអនុម័តច្បាប់ថ្មីអនុញ្ញាតឲ្យមន្រ្តីយោធាចូលនិវត្តន៍វិលមកបម្រើការងារវិញ ដើម្បីបង្វឹកយោធា​ក្មេងៗជំនាន់ក្រោយពីចំណេះដឹងបទពិសោធន៍យោធា ត្រៀមវាយលុកក្នុងសង្រ្គាមជាមួយកោះតៃវ៉ាន់។

ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិម ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់យោធាចិន បានអនុម័តលើបទប្បញ្ញត្តិដែលបានកែសម្រួលលើការចុះបញ្ជីដោយផ្អែកលើច្បាប់សេវាកម្មយោធា។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា “យើងនឹងបង្កើតប្រព័ន្ធពង្រឹងយោធា ដែលអាចឆ្លើយតប ចាប់ពីពេលសន្តិភាព រហូតដល់ពេលមានអាសន្ន យ៉ាងរហ័ស និងរលូន”។ ការផ្លាស់ប្តូរមួយនេះ នឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ទាហានចូលនិវត្តន៍ក្នុងការត្រឡប់មកកាន់អង្គភាពចាស់របស់ពួកគេ ឬបំពេញមុខងារពីមុនឡើងវិញ។ យោធា​ចិន​ដែល​មាន​សមាជិកស្រាប់ជិត ២​លាន​នាក់ ត្រូវបានផ្អាកការកំណត់មិនទាន់រើសថ្មីទៀតឡើយ។ បទប្បញ្ញត្តិថ្មីចែងថា ទាហានចូលនិវត្តន៍ នឹងត្រូវបម្រើយោធាឡើងវិញ ដើម្បីជួយបង្រៀនបង្វឹកបង្ហាត់នូវបទពិសោធន៍ដល់ទាហានជំនាន់ថ្មី។

ច្បាប់នេះក៏ផ្តោតលើការជ្រើសរើសនិស្សិតផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមនៅក្នុងដែនថ្មីដូចជាអវកាស និងអ៊ីនធឺណិត ខណៈដែលប្រទេសនេះព្យាយាមកសាងកម្លាំងយោធារបស់ខ្លួន ដើម្បីត្រៀមសម្រាប់សង្គ្រាមដែលអាចកើតមាននៅច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិនបានកសាងសមត្ថភាពយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលើគោក និងសមុទ្រ។ យោធាបានពង្រីកកងនាវារបស់ខ្លួននៃនាវាវាយប្រហារ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក ហើយបានបើកដំណើរការនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួនគឺហ្វូជៀន កាលពីខែមិថុនាឆ្នាំមុន។ ប្រតិបត្តិការឧបករណ៍ថ្មីនេះនឹងត្រូវការបុគ្គលិកជំនាញបន្ថែមទៀត៕

ប្រភព៖ Nikkei Asia

ប្រភពរូប៖Nikkei Asia
ប្រែសម្រួល៖សុខ តុលា