សន្ដិសុខសង្គម

កំពុងរកអត្តសញ្ញាណគ្រោងឆ្អឹងដែលគេប្រទះឃើញក្នុងបឹងឈូក

​ភ្នំពេញ៖បុរសម្នាក់បានបូមទឹកបឹងឈូកមួយដើម្បីចាប់ត្រី ពេលរីងទឹកចុះរាវចាប់ត្រីស្រាប់តែ ឃើញគ្រោងឆ្អឹងមនុស្សមិនដឹងស្លាប់ពីពេលណា ត្រូវសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ។ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះនៅ​បឹង​ឈូកមួយ ​ជិតវត្ត​គល់​ទទឹង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ​កាលពីថ្ងៃទី៣០ ខែមេសា។

ស​ព​​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ បុរស​ឈ្មោះ រស់ ចាន់​វ​ណ្ណេ​ត ​នៅ​ភូមិ​សង្កាត់ខាងលើ​បាន​​ឱ្យ​ដឹង​ថា ​មុន​​កើតហេតុ រូប​គាត់​បានដាក់​ម៉ាស៊ីនបូមទឹក​ដើម្បី​ចាប់​ត្រី។ពេល​បូម​រីងក៏ចុះចាប់​ត្រី​​ស្រាប់តែ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​មនុស្ស​ម្នាក់​នៅ​ក្នុង​រណ្តៅ​នោះ​តែ​ម្តង។រូប​គាត់​បាន​រត់​ទាំងព្រលឹងចុងសក់ទៅ​ប្រាប់សមត្ថកិច្ច។

នៅ​ជិតកន្លែង​កើតហេតុ សមត្ថកិច្ច​រក​ឃើញ​ខោខ្លី ពណ៌​ក្រហម មាន​គ្រោងឆ្អឹង​ជើង​មួយ​ចំនួន និង​រក​ឃើញ​អាវយឺត​ដៃ​វែង ពណ៌​ក្រហម​លាយ​ខ្មៅ ​មាន​គ្រោង​ឆ្អឹងជំនីរ និងគ្រោងឆ្អឹង​ដៃ​ហើយ​នៅ​ក្នុង​ទឹកឃើញ​លលាដ៍ក្បាល​។

តាម​ការ​ពិនិត្យ​ពីផ្នែកជំនាញមិន​អាច​បញ្ជាក់ពីមូលហេតុ​បាន​ទេ ព្រោះ​សល់​តែ​គ្រោងឆ្អឹងបែបនេះ​ ហើយ​ក៏​បាន​ប្រគល់​ឱ្យសមត្ថកិច្ច​មូលដ្ឋានដើម្បី​បន្ត​ស្វែងរកអត្តសញ្ញាណតាមជំនាញ​៕ដោយ៖វិចិត្រ