សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ទៅកាន់តុលាការ

កណ្តាល៖សមត្ថកិច្ចនៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនជាង១គីឡូក្រាមទៅតុលាការខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់។

លោក វរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀន ដែលបង្ក្រាបបាន នៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ កាលពីវេលាម៉ោងប្រមាណ ១១និង៥០នាទី  ថ្ងៃទី២៨ មេសា ២០២៣កន្លងទៅនេះ ឈ្មោះ ឃឹម ចាន់ណា ភេទប្រុស អាយុ ៣៩ឆ្នាំ។

ក្នុងការបង្ក្រាបនោះសមត្ថកិច្ច ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ (ម៉ាទឹកកក) ចំនួន៤កញ្ចប់ មានទម្ងន់១០៣២,៣៩ក្រាម (ជាង១ គីឡូក្រាម)ជញ្ជីងថ្លឹង១ និងសម្ភារវេចខ្ចប់១ចំនួន ទូរសព្ទ១គ្រឿង ព្រមទាំងម៉ូតូ២គ្រឿង។

ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនេះ រូបគេទិញពីជនមិនស្គាល់ឈ្មោះនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែ វ រាជធានីភ្នំពេញ ដោយវេរប្រាក់តាមវ៉ីង និងទៅយកគ្រឿងញៀននោះតាមការណាត់។

ចពោះតម្លៃជាង៩ពាន់ដុល្លារ ហើយដើមទុនដែលយកទៅរកស៊ីជួញដូរគ្រឿងញៀននោះ គឺយកប្លង់ផ្ទះទៅបញ្ចាំខ្ចីពីធនាគារ។ ក្រោយសាកសួរជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលការខេត្តកណ្តាល៕